សម្តេចស ខេង អះអាងថាគណបក្សប្រជាជន មិនត្រូវការកៅអីសភា មកពីបក្សសង្គ្រោះជាតិ​ឡើយ

4646

សម្ដេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា បើ​សិន​ជា​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្រ្គោះជាតិ ហើយ​រដ្ឋសភា​ធ្វើ​ការ​អនុម័ត​ច្បាប់​ទាក់ទង​នឹង​​ការ​បែង​ចែក​អាសនៈ គឺគណបក្ស​ប្រជាជន​កម្ពុជា មិន​ទទួល​យកអាសនៈ​របស់​គណបក្ស​សង្រ្គោះជាតិ​ តាម​ការ​បែងចែកនោះទេ ទុក​ឲ្យ​គណបក្ស​ដទៃ​ទទួលយក។

ការ​បញ្ជាក់នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ស្តីពីវិធានការរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ប្រឆាំង​ចំពោះ​ឧបាយកល​​ផ្តួលរំលំ​រដ្ឋអំណាច​ស្រប​ច្បាប់​នៅ​កម្ពុជា នាព្រឹក​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នេះ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ។

គួរ​បញ្ជាក់ថា គណបក្ស​សង្រ្គោះជាតិ មាន​អាសនៈ​ចំនួន ៥៥ ក្នុង​រដ្ឋសភា។ គេ​មិន​ទាន់​ដឹង​ថា គណបក្ស​ណា​ខ្លះ នឹង​ទទួល​បាន​អាសនៈ​របស់​គណបក្ស​នេះ​ទេ ក្នុង​ករណី​ដែល​គណបក្ស​សង្រ្គោះជាតិ​ ត្រូវ​បាន​រំលាយ​ដោយ​តុលាការកំពូល​មែននោះ។

កន្លងមក សម្ដេច​នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា ការ​រំលាយ​គណបក្ស​នយោបាយ​១ នៅ​រដ្ឋសភា នឹង​កើត​មាន​គណបក្ស​ចំនួន ៥ ផ្សេង​ទៀត​នៅ​រដ្ឋសភា។ សម្ដេច​ថា ការ​ធ្វើ​បែប​នេះ គឺកម្ពុជា​កាន់​តែ​មាន​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស បាន​ល្អ​ប្រសើរ៕