មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ប្រកាសអះអាងថា ខេត្តនេះមិនទាន់ឆ្លងជំងឺប៉េសជ្រូកពីវៀតណាមទេ

1734

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង បាន​អះអាងថា ​មិនទាន់មាន​វត្តមាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ចូល ដល់​ខេត្ត​នេះ​ទេ ​ខណៈដែល​ខេត្តរតនគិរី ​កំពុងតែ​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នោះ​។

លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ ​ខេត្តស្ទឹងត្រែង ​មកទល់ពេលនេះ ពុំមាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ឆ្លង​ចូល​ដល់​ខេត្តស្ទឹងត្រែង​ទេ ​ខណៈដែល​មន្ទីរ ​ក៏បាន​ដាក់ចេញ​វិធានការណ៍ ​មួយចំនួន​ដើម្បី​ទប់ស្កាត់​រួចរាល់​ហើយ​នោះ​។​

​លោក បាន​បញ្ជាក់ថា ​មិនមាន​ករណី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ផ្ទុះ​ឆ្លង​រាលដាល​បង្ក​ផល​ប៉ះពាល់​ណា មួយ​ដល់​ជ្រូក​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង​ឡើយ ​បើទោះបីជា​ខេត្តស្ទឹងត្រែង ​និង​ខេត្ត​រតនគីរី មាន​ព្រំ ប្រទល់​ជាប់​គ្នា​ក៏ដោយ​។

លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​បន្ថែមថា ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាល់​ដាល​ជំងឺ​នេះ​ចូលមកក្នុង​ខេត្ត លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ ​ចុះ​សហការ​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច ​ធ្វើការ​ត្រួតពិនិត្យ​រាល់​ការដឹក​ ជញ្ជូន​សត្វ​ជ្រូក ឬ​បំណែក​សាច់​ជ្រូក​ចេញពី​ខេត្ត​រតនគីរី ​ចូលមកក្នុង​ខេត្តស្ទឹងត្រែង​។ ក្រៅពីនេះ ​ក៏បាន ចាត់​ឲ្យ​មន្ត្រី​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន ​ដែល​នៅ​កៀក​នឹង​ខេត្ត​រតនគីរី ធ្វើការ​ពន្យល់ ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​ពី​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្រិ​ក ​ដោយបាន​ហាម ឃាត់​កុំឱ្យ​ពួកគេ​ទទួលទាន​សាច់​សត្វ​ជ្រូក​ឈឺ ឬ​ងាប់ ​និង​ត្រូវយក​សត្វ​ជ្រូក​ទាំងនោះ​ទៅ​ដុត ឬ​កប់​ចោល ​ហើយ​បើ​សង្ស័យថា ​សត្វ​ជ្រូក​របស់​ពួកគេ បាន​ឆ្លង​ជំងឺ ត្រូវ​រាយការណ៍ជូន​មន្ទីរ​កសិកម្ម​ជាបន្ទាន់​។

ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​នឹង​ផ្ទុះឡើង​ក្នុង​ខេត្ត​រតនគីរី ចាប់ពី​អំឡុង​ខែកុម្ភៈ ​ដែល​រហូតមកដល់ ចុងខែ​មេសា​នេះ ​បានសម្លាប់​សត្វ​ជ្រូក​អស់​ជាង​ជាង​៧​រយ​ក្បាល ​នៅក្នុង​ស្រុក​អូរ​យ៉ា​ដាវ ​និង​ស្រុក​អូរ​ជុំ​។​ ការស្លាប់​របស់​សត្វ​ជ្រូក​នៅពេលនេះ ​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ជ្រូក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង បើទោះជា ​មន្ត្រី​ជំនាញ​បាន​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ​និង​បាញ់ថ្នាំ​ការពារ​យ៉ាងណាក៏ដោយ​៕

ចែករំលែក