គីមីទៀតហើយ រកឃើញត្រីងៀតបបែល មានសារធាតុគីមី

2850

ដើម្បីធានាសុវត្ថិភាពចំណីអាហារ ជូនប្រជាពលរដ្ឋមន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង​ សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរស្រុកស្វាយជ្រំ គណៈកម្មការផ្សារនៅតែបន្តចុះត្រួតពិនិត្យទំនិញជាច្រើនមុខ

ដោយផ្តោតសំខាន់ទៅលើគ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃ នៅផ្សារស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ និងរកឃើញងៀតបបែល មានសារធាតុគីមីផងដែរ ។

យោងតាមលោក ផឹង នឹល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានឲ្យដឹងថា មន្ត្រីជំនាញបានពិនិត្យមុខទំនិញ ចំនួន១៧មុខ ជាលទ្ធផល ក្រោយការចុះអនុវត្តការងារ មន្ត្រីបានរកឃើញ សារធាតុគីមី ដែលដាក់ក្នុងមុខទំនិញងៀតបបែលចំនួន២គីឡូក្រាម

ដែលមានសារធាតុគីមី ដែលវាអាចបំផ្លាញក្រពះ ពោះវៀន យ៉ាងធ្ងន់ធ្ងរ និងបានដក ហូតបានទំនិញហួសសុពលភាពបានជាច្រើនមុខទៀតផងដែរ ហើយក្រោយរកឃើញ មន្ត្រីជំនាញបានយកទៅដុតកម្ទេចចោលតែម្តង ។

ក្នុងការត្រួតពិនិត្យនេះ លោកប្រធានកាំកុងត្រូលខេត្តស្វាយរៀង ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគ ចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល បានសន្យានឹងបន្តចុះពិនិត្យទំនិញ នៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត ៕

ចែករំលែក