អាសូរណាស់ កូនសិស្ស រួមទាំងព្រះសង្ឃ រៀនក្រោមដំបូលសាលាធ្លុះធ្លាយ ចាស់ទ្រុឌទ្រោម

3626

សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃផង បានអំពាវនាវដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភដល់ការសាងសង់អគារសិក្សា១ខ្នង ទុកសម្រាប់សិស្សានុសិស្ស ជាកូនចៅអ្នកភូមិបានរៀនសូត្រ ខណៈដែលសាលាសព្វថ្ងៃ មានសភាពចាស់ទ្រុឌទ្រោមពុកផុយ ស្ទើររលំម្តងៗទៅហើយ ពិសេសរាល់ពេលមានភ្លៀងធ្លាក់ គឺលិចផង សាចផង រៀនមិនកើតទាល់តែសោះ។សាលារៀនដ៏ចាស់ទ្រុឌទ្រោមខាងលើនេះ មានទីតាំងស្ថិតនៅភូមិស្វាយផ្អែម ឃុំដងក្តារ ស្រុកស្ទឹងត្រង់។

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Norn Samnang បានបង្ហោះរៀបរាប់ពីទុក្ខលំបាករបស់ព្រះសង្ឃ លោកគ្រូ សិស្សានុសិស្ស នៅភូមិស្វាយផ្អែម ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ដែលកំពុងត្រូវការជំនួយសាងសង់សាលារៀន ដែលមានសភាពទ្រុឌទ្រោមខ្លាំង ជញ្ជាំងធ្លុះធ្លាយ រកកល់ដួលរលំម្តងៗទៅហើយ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបញ្ជាក់ថា “ភ្លៀងសាចជុំវិញលំបាកនឹងសិក្សាណាស់ ព្រះសង្ឃ គ្រូបង្រៀន អ្នកភូមិ សិស្សានុសិស្ស ទទូចសុំការឧបត្ថម្ភពីសប្បុរសជន ដើម្បីសង់បន្ទប់សិក្សាមួយបានល្មមសមរម្យ ងាយកុមារបានសិក្សារៀនសូត្រ ភ្លៀងធ្លាក់កាលណារៀន មិនកើតទេ។ ទីតាំងនៅភូមិស្វាយផ្អែម ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម…”។

ទន្ទឹមនឹងនេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏បានបង្ហោះនូវរូបភាពចំនួន៤សន្លឹក បង្ហាញពីសកម្មភាពសិក្សារបស់សិស្សានុសិស្ស ដែលមានទាំងកូនចៅអ្នកភូមិ រួមនឹងកូននេនផងដែរ ដែលខ្លះអង្គុយ ខ្លះឈររៀន នៅក្នុងបន្ទប់សិក្សា ដ៏ចាស់ទ្រុឌទ្រោម ធ្លុះធ្លាយទាំងជញ្ចាំង និងដំបូល តែយ៉ាងណា មើលទៅសកម្មភាពរបស់កុមារទាំងនោះ ហាក់រីករាយនឹងការសិក្សាខ្លាំងណាស់ ទោះជាមិនដឹងថា សាលាមួយនេះអាចនឹងដួលរលំនៅពេលណាក៏ដោយ៕

ចែករំលែក