ខឹងគ្រូបង្រៀន លួចទាក់ទងប្រពន្ធខ្លួន រួចថតរូបបញ្ឈឺតាមហ្វេសបុក បាញ់សម្លាប់ចោល

12516

ករណីបាញ់សម្លាប់គ្រូបង្រៀននៅសាលាតាំងរបង ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ​កាលពីវេលាម៉ោង​១រសៀល ​ថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ​២០១៩ គឺផ្តើមចេញពីរឿងស្នេហាត្រីកោណ ដែលជនរងគ្រោះនិងប្រពន្ធជនសង្ស័យបានលួចទាក់ទងគ្នាជិត២ឆ្នាំមកហើយ។

បើតាម​ម្លើយសារភាពរបស់ខ្មាន់កាំភ្លើងជាឃាតករ បានឲ្យដឹងថា​ រូបគេ​បានរៀបការជាមួយ​ប្រ​ព​ន្ធ​តាំងពី​ឆ្នាំ​២០១៥មក​ម្ល៉េះ។ ប៉ុន្តែក្រោយមក រូបគេបានចេញទៅ​រក​សុ​ី​នៅ​ខេត្តបន្ទាយ​មាន​ជ័យ​ យូរ​ៗ​ទើប​មក​ជួប​ប្រ​ព​ន្ធ​​ម្តង ពេលនោះរូបគេឃើញប្រពន្ធហាក់មិនសូវរវីរវល់ជាមួយរូបគេដូចមុននោះទេ ធ្វើឲ្យរូបគេក៏ចាប់ផ្តើមធ្វើការសុើបអង្កេត ពោកចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ។

ជនសង្ស័យសារភាពទៀតថា រយៈពេល​២​ឆ្នាំ​កន្លងមកនេះ​ រូបគេ​បានស៊ើប​​ដឹង​ថា ប្រពន្ធ​​​បាន​លួច​​ទាក់ទង​ជាមួយ​គ្រូបង្រៀនកីឡាដែលជាជនរងគ្រោះ ​ធ្វើ​ឱ្យ​​ឈឺ​ចិត្ត​​ស្អិតទ្រូងខ្លាំង មិនគួរណាប្រពន្ធលួផិតក្បត់បែបនេះទេ ប៉ុន្តែយ៉ាងណា រូបគេក៏ធ្លាប់ប្រាប់​ជនសង្ស័យឱ្យឈប់ទាក់ទង​ប្រពន្ធរបស់ខ្លួន តែគាត់មិន​ព្រម​ឈប់​ទេ ថែមទាំង​​ថតរូបជាមួយ​​ប្រ​ព​ន្ធរបស់ខ្លួន​ បង្ហោះលើ​​ហ្វេ​ស​ប៊ុក បញ្ឈឺ​ខ្លួនថែមទៀតផង​។

ដោយទ្រាំមិនបាននឹងការបញ្ឈឺចិត្តស្រស់ៗបែបនេះ រូបគេក៏​​​បានទិញ​កាំភ្លើង​ពី​ខេត្តបន្ទាយមានជ័យ​ ហើយ​ធ្វើ​ដំណើរ​មក​រក​ជន​រង​គ្រោះ​ដែលជេលនោះកំពុងហូបបាយជុំគ្នាជាមួយគ្រូដទៃទៀត ដើម្បី​បាញ់​សម្លាប់​តែ​ម្តង។

គួររំលឹកផងដែរថា​កាលពីវេលាម៉ោងប្រហែល១រសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ មានករណីបាញ់សម្លាប់គ្រូបង្រៀនកីឡាម្នាក់ ពេលកំពុងហូបបាយជុំគ្រូបង្រៀនដទៃនៅក្នុងសាលា។ ហេតុការណ៍នេះបានកើតឡើង នៅអនុវិទ្យាល័យតាំងរបង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះដែលត្រូវឃាតករបាញ់សម្លាប់យ៉ាងអាណោចអាធ័មនេះ ជន​រង​គ្រោះដែលស្លាប់​ឈ្មោះ ទូច វាសនា ​អាយុ​២៥​ឆ្នាំ ជា​គ្រូ​កីឡា​នៅ​អនុវិទ្យាល័យ​តាំង​របង មាន​ទីលំនៅ​ភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកខ្មាន់កាំភ្លើងជាឃាតករ មានឈ្មោះជួន ធា​រី​រាសី ភេទ​ប្រុស អាយុ​៣០ឆ្នាំ ជា​​ជាងមាស មាន​ទីលំនៅ​ភូមិ​ទី​៤ ឃុំ​ព្រះ​ពន្លា ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយ​មាន​ជ័យ។

ប្រភពពីស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានប្រាប់អ្នកសារព័ត៌មានថា មុនពេលកើតហេតុ ជនរងគ្រោះបានចប់ម៉ោងបង្រៀនកូនសិស្សហាត់កីឡា ក៏បានសម្រាកញាំបាយជុំជាមួយគ្រូបង្រៀនដទៃទៀត ពេលកំពុងញាំបាយនោះ ស្រាប់តែខ្មាន់កាំភ្លើងដើរសំដៅមកតូបដែលជនរងគ្រោះកំពូងហូបបាយនោះ រួចបានដកកាំភ្លើងខ្លីមួយដើម បាញ់សំដៅមកលើជនរងគ្រោះ បណ្តាលឲ្យដួលស្លាប់ភ្លាមៗនឹងដី បង្កឲ្យភ្ញាក់ផ្អើលដល់គ្រូដទៃទៀតដែលកំពុងនៅទីនោះ៕

ចែករំលែក