ចាប់វ៉ៃខ្នោះ បុរសម្នាក់ ដោយសារលួចមួកសុវត្ថិភាព

36404

ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចមួកសុវត្ថិភាព តែត្រូវម្ចាស់គេតាមទាន់ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាវេលាម៉ោង១២និង១០នាទី នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល។

ជនសង្ស័យមានឈ្មោះថន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិតាពេច ឃុំឈ្វាំង ស្រុកពញ្ញាឮ។ ចំណែកជនរងគ្រោះមានឈ្មោះសួន ណារុន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិទួលសេរី ឃុំទួលព្រេច ស្រុកអង្គស្នួល។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន មានម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ០១៤ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AQ-7949 លេខតួ និងលេខម៉ាសុីន 8491004។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យ និងបក្ខពួក មានឈ្មោះរិន រ៉ូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាពេច ឃុំឈ្វាំង ស្រុកពញ្ញាឮ (កំពុងរត់គេចខ្លួន), ឈ្មោះហេង សុខលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាពេច ឃុំឈ្វាំង ស្រុកពញ្ញាឮ (កំពុងរត់គេចខ្លួន)

និងបក្ខពួក២នាក់ផ្សេងទៀត មិនស្គាល់ឈ្មោះ បានចូលលួចឈើធ្នង់នៅផ្ទះជនរងគ្រោះ ឈ្មោះអ៊ូច ភឺន នៅភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយក៏នាំគ្នារត់គេចខ្លួនបាត់ទៅ។

ប្រភពដដែលបានបន្តថា លុះមកដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះថន សំណាង បានចូលមកលួចមួកសុវត្ថិភាពម្តងទៀត ហើយត្រូវម្ចាសមួកឃើញទាន់ ក៏ដេញចាប់ខ្លួនជនសង្ស័យបាន ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

នៅចំពឡមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួក ពិងជាធ្លាប់ចូលលួចឈើធ្នង់ពិតប្រាកដមែន ហើយបានយកទៅលក់ឲ្យគេនៅកន្លែងសិប្បកម្មទ្វារបង្អួច នៅភូមិពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លុះមកដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ខ្លួនបានចូលមកលួចមួកសុវត្ថិភាពទៀត ទើបម្ចាស់ដេញទាន់ចាប់បានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ដោយឡែក បក្ខពួក៤នាក់ផ្សេងទៀត សមត្ថកិច្ចកំពុងធ្វការស្រាវជ្រាវ៕

ចែករំលែក