នារីម្នាក់ខំខ្ចីម៉ូតូគេ ដឹកប្រុសស្នេហ៍ទើបស្គាល់គ្នាចូលផ្ទះសំណាក់ ចុងក្រោយខាងប្រុសស៊ីដាច់បាត់

5730

ស្ត្រីម្នាក់ទើបនឹងទាក់ទងស្គាល់គ្នាជាមួយបុរសម្នាក់ទៀត ណាត់ជួបគ្នា អត់មានអីជិះទៅទទួលប្រុសស្នេហ៍ ក៏ខ្ចីម៉ូតូ១គ្រឿងពីអ្នកស្គាល់គ្នា ប្រាប់ថា យកទៅប្រើការសិន រួចក៏ទៅទទួលប្រុសស្នេហ៍ដឹកគ្នាដើរលេងលំហែអស់ចិត្ត ក៏ចូលផ្ទះសំណាក់រួមរ័កគ្នាបានម្តង ទើបយកម៉ូតូទៅប្រគល់ឱ្យម្ចាស់គេវិញ លុះថ្ងៃបន្ទាប់ ខាងប្រុសក៏ល្បួងស្រីស្នេហ៍ខ្លួនឱ្យទៅខ្ចីម៉ូតូមកជិះទៀត រួចក៏ស៊ីដាច់បាត់ ទើបម្ចាស់ម៉ូតូប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនខាងស្រី យកទៅសាកសួរ។

ករណីគូស្នេហ៍ឆក់កណ្តៀង ខ្ចីម៉ូតូគេជិះដឹកគ្នាចូលផ្ទះសំណាក់រួចហើយ ប្រុងស៊ីដាច់ម៉ូតូគេទៀតនេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាប បានកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅ ចំណុចហាងឆែមពាន ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអុល ហាន ភេទស្រី អាយុ៣៥ឆ្នាំ មានលំនៅក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង។ ចំណែកជនសង្ស័យជាប្រុសស្នេហ៍ដែលស៊ីដាច់ម៉ូតូបាត់​មានឈ្មោះពេជ្រ ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាប្រុសស្នេហ៍ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ (កំពុងរត់គេចខ្លួន)។

រីឯជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះងួន ធា មានលំនៅក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង។ ដោយឡែក​ម៉ូតូដែលត្រូវជនសង្ស័យទាំង២នាក់ ប្រុងស៊ីដាច់ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HQ-2883។

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះងួន ធា ជាម្ចាស់ម៉ូតូ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ឈ្មោះអុល ហាន ភេទស្រី ដែលជាមនុស្សធ្លាប់ស្គាល់គ្នា បានមកខ្ចីម៉ូតូរបស់គាត់ ម៉ាកហុងដាឌ្រីម យកទៅជិះ ដោយប្រាប់ថា ខ្ចីយកទៅប្រើការសិន។ លុះដល់យប់បន្តិច ទើបឃើញជិះម៉ូតូយកមកប្រគល់ឱ្យគាត់វិញ។

ស្រាប់តែមកដល់ព្រឹកព្រលឹមថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៩ ឈ្មោះអុល ហាន ក៏មកខ្ចីម៉ូតូរបស់គាត់ទៅជិះម្តងទៀត លុះដល់យប់ជ្រៅទៅហើយ មិនឃើញយកម៉ូតូមកប្រគល់ឱ្យគាត់វិញ ទើបគាត់បានទូរស័ព្ទទៅសួរ ស្រាប់តែឈ្មោះអុល ហាន បានឆ្លើយថា មានគេខ្ចីម៉ូតូរបស់គាត់តទៀតហើយ មិនទាន់ឃើញយកមកឱ្យវិញដែរ។ ឮបែបនេះ គាត់ជាម្ចាស់ម៉ូតូក៏ប្រញាប់រាយការណ៍ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ យកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អុល ហាន បានឆ្លើយសារភាពថា នាងពិតជាធ្លាប់ខ្ចីម៉ូតូជនរងគ្រោះជិះដើរលេងជាមួយបុរសម្នាក់ទៀត ដែលទើបស្គាល់គ្នា (ប្រុសស្នេហ៍) ហើយក៏បានដេកជាមួយគ្នាដែរ។ បុរសនោះមានឈ្មោះ ពេជ្រ អាយុ៣៧ឆ្នាំ ហើយពួកនាងបានជិះដើរលេងជុំវិញខេត្ត និងបានជិះទៅស្រោចទឹកជាមួយគ្នា នៅវត្តអូរចេង ហើយត្រឡប់មកវិញ ក៏ប្រគល់ម៉ូតូជូនទៅម្ចាស់ម៉ូតូវិញ នៅថ្ងៃដំបូង។

ជនសង្ស័យបានបន្តសារភាពថា លុះព្រឹកឡើងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ បុរសឈ្មោះពេជ្រ បានលួងលោមឱ្យនាងជាស្រីស្នេហ៍ខ្ចីម៉ូតូពីម្ចាស់ម៉ូតូម្តងទៀត ឱ្យជូនរូបគេទៅអូរពងមាន់ ខេត្តស្ទឹងត្រែង។

លុះខ្ចីម៉ូតូគេបាន ហើយឈ្មោះពេជ្រ បានជិះម៉ូតូឌុបនាងទៅដល់អូរពងមាន់ និងបានជិះតាមផ្លូវជាតិលេខ៧ ជិះរហូតដល់ម្តុំផ្លូវបំបែកព្រះធាតុ ក៏ចូលផ្ទះសំណាក់ទួលជ័យ បន្ទាប់មកប្រុសស្នេហ៍ ក៏បានទម្លាក់នាង ឱ្យចាំនៅក្នុងផ្ទះសំណាក់ ហើយក៏យកម៉ូតូ និងទូរស័ព្ទដៃរបស់នាង១គ្រឿងទៀត ទៅបាត់រហូត។ លុះដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំដដែល ទើបម្ចាស់ម៉ូតូមកប្តឹងសមត្ថកិច្ច និងឈានដល់ការចាប់ខ្លួននាងតែម្តង។

បច្ចុប្បន្ន ការិយាល័យជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះអុល ហាន ជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យជាប្រុសស្នេហ៍ឈ្មោះពេជ្រ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

នគរធំ

ចែករំលែក