Sadពេក អង្គុយបណ្តែតអារម្មណ៍កណ្តាលយប់ម្នាក់ឯង អ្នកភូមិស្មានតែខ្មោច កាប់ដាច់ម្រាមដៃ

6238

បុរស​ម្នាក់​ បាន​រងរ​បួស​ធ្ងន់ធ្ងរ​ត្រង់​ក្បាល​ និង​ដាច់​ម្រាមដៃ​ ដោយសារតែ​គាត់​ទៅ​សម្ងំ​អង្គុយ​បណ្ដែតអារម្មណ៍​នៅ​កន្លែង​ស្ងាត់​ នាពេល​យប់​ជ្រៅ ហើយ​ត្រូវ​បាន​អ្នកភូមិ​ម្នាក់​ទៅ​នេសាទ​ត្រី​(​មើល​អន្លង់​)​ ឃើញ​ស្មានតែ​ខ្មោច​ ក៏​កាប់​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ ប៉ុន្តែ​ក្រោយមក​ជាង​មួយ​សប្ដាហ៍​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជន​ដៃដល់ កាលពី​​​ល្ងាច​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​។​

បុរស​ដែល​ត្រូវបាន​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ​នួ​ក ឡា ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ គ្មាន​មុខរបរ​ មាន​ទីលំនៅ​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​

ជនរងគ្រោះ​ឈ្មោះ ស៊ឹម សុផល ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ មុខរបរ​ជាង​សំណង់ មាន​ទីលំនៅ​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ។​

ប៉ូលិស​និយាយថា​ នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ចេញពីផ្ទះ​ទៅ​មើល​អន្លង់​ដាក់​នេសាទ​ត្រី​នៅ​មាត់​ត្រពាំង​ធំ​មួយ​នៅ​ខាងក្រោយ​ក្បែរ​ភូមិ​ច្រេស នៅ​វេលា​ម៉ោង​២៣ ឬ​ម៉ោង​១១​កណ្តាលយប់​ជ្រៅ ដោយមាន​កាន់​ដាវ​យកទៅ​ជាមួយ​ផង​ការពារ​ខ្លួន​។

នៅពេល​ទៅដល់​ត្រពាំង​ទឹក​នោះ​ ក៏បាន​ជួប​ជនរងគ្រោះ​កំពុងតែ​អង្គុយ​បណ្តែតអារម្មណ៍​ម្នាក់ឯង​នៅ​ទីនោះ ស្មានតែ​ជា​ខ្មោច​លង​ ឬ​ជា​ចោរ​ក៏បាន​កាប់​មួយ​ដាវ​ប្រាវ នៅពេល​ជនរងគ្រោះ​ស្រែក​អូយ​ជួយ​ផង ​ឯ​បុរសនោះ ក៏​ដឹងថា​ខ្លួន​មាន​កំហុស ​ក៏​រត់គេចខ្លួន​ចោលផ្ទះ​បាត់​តែម្តង​។​

នៅ​គ្រា​នោះដែរ​ មាន​អ្នកភូមិ​ម្នាក់​ បាន​ឮ​សូរ​សំឡេង​ស្រែក​ ក៏បាន​ដើរទៅ​មើលឃើញ​ជនរងគ្រោះ​មាន​ឈាម​ហូរ​ដាប​ស្រោច​ខ្លួន ​ក៏បាន​ជួយ​គ្រា​យកមក​ផ្ទះ​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ផ្សារ​ឈូក​មាស​ តែ​គេ​មិន​ទទួល​ ក៏បាន​យកទៅ​ពេទ្យ​កាល់ម៉ែត ព្យាបាល​រហូត​ជាសះស្បើយ​ស្រួល​បួល​ ក៏បាន​ចេញមក​ផ្ទះ​វិញ​។​

ក្រោយមក​នៅ​ល្ងាច​ថ្ងៃទី​២៩​មិថុនា ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ប្រទះឃើញ​ឈ្មោះ នួ​ក ឡា កំពុង​តែ​ដើរ​តាម​ផ្លូវ​នៅ​ភូមិ​ត្រពាំង​ស្វាយ ក៏បាន​នាំគ្នា​ទៅ​ឃាត់​ប្រគល់ឲ្យ​ប៉ូលិស​ចាត់ការ​តាមច្បាប់​តែម្តង​។​

ចំណែក​ជនរងគ្រោះ​វិញ​បាន​រង​បួស​ត្រង់​ក្បាល​ចំហៀង​ ប៉ែក​ខាងស្តាំ​ដៃ​ ដេរ​ចំនួន​១២​ថ្នេរ និង​ដាច់​ម្រាមដៃ​កណ្តាល​ចំនួន​មួយ​ផង​។ប៉ូលិស​ បាន​ចោទប្រកាន់​បុរស​សង្ស័យ​ ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​៕

កម្ពុជាថ្មី

ចែករំលែក