នារីម្នាក់ ខឹងបងធម៌មិនឲ្យផឹកស្រា ជិះកង់បីមកលោតទឹកសម្លាប់ខ្លួន ទាំងកណ្តាលយប់

2846

នារី​ម្នាក់ ​ព្រោះតែ​ខឹង​នឹង​បងធម៌​ ហាម​មិន​ឲ្យ​ផឹក​ច្រើនពេក ​​​​​​​ ​​​ក៏​ជិះ​ម៉ូតូ​កង់​បី​មក​លោតទឹក​សម្លាប់​ខ្លួន​នៅមុខ​ព្រះអង្គ​ដងកើរ​មុខ​វាំង​ តែ​ត្រូវបាន​ប្រជា​ពលរដ្ឋ​ជួយសង្គ្រោះ​ស្រង់​មកលើ​គោក​វិញ​បាន​ទាន់​ពេល​វេលា​ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង០១​និង​១៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​១១​ ខែកក្កដា ​ឆ្នាំ​២០១៩​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​ ក្នុង​សង្កាត់​ជ័យជំនះ ​ខណ្ឌ​ដូនពេញ។

នារី​ ដែល​ប៉ុនប៉ង​បញ្ចប់​ជីវិត​ខ្លួនឯង​នោះ​ ឈ្មោះ​ ស្រី​និ​ច អាយុ​២១​ឆ្នាំ ​ស្នាក់នៅ​ម្តុំ​ទួលគោក ​រីឯ​បងស្រី​ធម៌​របស់​ជនរងគ្រោះ​វិញ ​មានឈ្មោះ​អា​ម៉ី ភេទ​ស្រី ​អាយុ​២៨​ឆ្នាំ។

ប្រភព​ព័ត៌មាន​ពី​បងស្រី​ធម៌ ​របស់​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​ ​ប្អូនស្រី​របស់​គាត់​​​ ​និង គាត់ ​ទើបតែ​ស្គាល់​បាន​រយៈពេល​ជិត​មួយ​ខែ​តែប៉ុណ្ណោះ ​ហើយ​ធ្វើការ​នៅ​ក្នុង​ហាង​ភោជនីយដ្ឋាន​មួយកន្លែង​ នៅ​ម្ដុំ​ទួលគោក។ លុះ​ពេល​ ដែល​កើតហេតុ​ខាង​លើ​នេះ​ ជនរងគ្រោះ​គាត់​បាន​កំដរ​ភ្ញៀវ​ផឹកស្រា​ជាមួយ​បងស្រី​ផង​ដែរ​

ដោយ​ឃើញថា​ ប្អូន​ខ្លួនឯង​ផឹក​កំដរ​ភ្ញៀវ​អស់​ច្រើនពេក​ ក៏​ហាមឃាត់​ថា ​កុំ​ឲ្យ​ប្អូន​ផឹក​ច្រើនពេក​ខ្លាច​ស្រវឹង ​គេ​ធ្វើបាប​ និង​គ្មាន​អ្នកណា​ជួយ​ជូនទៅ​ផ្ទះ​ ស្រាប់​តែ​ពេល​ភ្លាម​នោះដែរ​ ជនរងគ្រោះ​គិត​ខ្លី​ ហៅ​ម៉ូតូ​កង់​បី​ជិះ​សំដៅ​ទៅមុខ​ព្រះអង្គ​ដងកើរ​ រួច​ធ្វើ​សកម្មភាព​ចុះទៅ​លោតទឹក​បម្រុង​សម្លាប់​ខ្លួន ​តែ​សំណាងល្អ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​គាត់​នៅ​ម្ដុំ​នោះ​ជួយ​សង្គ្រោះបាន​ទាន់ពេលវេលា​

ហើយក៏​ស្រង់​ជនរងគ្រោះ​ឡើង​មក​លើគោក​និយាយ​លួង​លោម​បាន​មួយសន្ទុះ​ ស្រាប់តែ​ភ្លាមនោះ​ទៀត​ ក៏​ជនរងគ្រោះ​គិត​ខ្លី​សម្រេចចិត្តរ​ត់ទៅ​លោតទឹក​សម្លាប់ខ្លួន​ម្តងទៀត ​ ធ្វើឲ្យ​បុរស​នៅ​ម្តុំ​កន្លែងកើតហេតុ​គាត់​ឃើញ​ភ្លាម​ ក៏​ស្ទុះ​ចូលទៅ​លោតទឹក​ជួយ​សង្គ្រោះ​ស្ត្រី​រងគ្រោះ​មានឈ្មោះ​ដូចខាងលើ​ឡើងមក​លើ​គោក​វិញ ​រួច​ទំនាក់ទំនង​ហៅ​បងស្រី​ធម៌​របស់​ជនរងគ្រោះ​ឲ្យ​មក​កន្លែង​កើតហេតុ​

ដើម្បី​មក​ទទួលយក​ត្រឡប់​ទៅផ្ទះ​វិញ។ ​ភ្លាមៗ​នោះដែរ​ជនរងគ្រោះ​ក៏បាន​ឈរ​រៀប​រាប់ទាំង​ទឹកភ្នែក​ទឹក​សំបោរ​ទាំង​ខ្លួនឯង​មាន​វិបត្តិ​ផ្លូវចិត្ត​ជាច្រើន​ក្នុង​គ្រួសារ​ ដោយ​សព្វថ្ងៃ​រស់នៅ​តែម្នាក់ឯង ​គ្មាន​សាច់ញាតិ​បងប្អូន​នឹង​គេ។​

ក្រោយពេល​កើតហេតុ​ ដោយ​ការនិយាយ​លួង​ពី​អ្នក​ក្បែរ​ខាង​ ជនរងគ្រោះ​ ក៏​ព្រម​ជិះ​ម៉ូតូ​កង់​បី​ទៅ​តាម​បងស្រី​ធម៌​ខ្លួនឯង​ត្រឡប់ទៅផ្ទះ​វិញ​ផងដែរ​៕

ប្រភពអត្ថបទ៖ កម្ពុជាថ្មី

ចែករំលែក