ហួសចិត្ត ពលរដ្ឋកំពុងខ្វះទឹកធ្វើស្រែ អាជ្ញាធរបែរជាឃុបឃិតគ្នា លួចលក់បឹងមេ សម្រាប់ស្តុកទឹក

900

ប្រជាជនលើសលុបបានប្រឆាំងដាច់ខាតចំពោះឈ្មួញដែលកំពុងប្រើអំណាចទឹកលុយធ្វើឲ្យមន្ត្រីអាជ្ញាធរលេប​ ទឹកមាត់ យកតួនាទីរបស់ខ្លួនទៅបម្រើឈ្មួញទៅវិញ រហូតបង្កើតឲ្យមានការឃុបឃិតគ្នាតាមរយៈដើរបំផុសបំភ័យរឹបអូសបឹងទុកធ្វើជាសម្បត្តិរដ្ឋ​ ។

បឹងទង់​ជាប្រភពបឹងមេទឹក សម្រាប់ស្រោចស្រពផលកសិកម្ម ជីវៈ​ ចម្រុះ ជម្រកត្រីពងកូន ខណៈប្រជាពលរដ្ឋអះអាងថា ពួកគាត់កំពុងជួបគ្រោះរងសួត កង្វះទឹកធ្វើស្រែទៀតផង ។នេះបើតាមប្រជាជនរាយការណ៍ឲ្យដឹង បឹងទង់ មានទំហំជាង២០ហិកតា ស្ថិតនៅភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។

ពួកគាត់អះអាងថា បច្ចុប្បន្នបឹងនេះឈ្មួញ​បានឃុបឃិតជាមួយមន្ត្រីឃុំ ដើរ​បំភ័យបំផុសបំផុលអោយពលរដ្ឋផ្ដិតមេដៃ​ ។ ពលរដ្ឋមួយចំនួនតូចទទួលយកលុយពី៥០០​ ដុល្លារទៅ១០០០ដុល្លារ និងពលរដ្ឋមួយចំនួនធំ មិនព្រមផ្តិតមេដៃ​ ដោយប្រឆាំងដាច់ខាត​ រាល់ការទិញលក់បឹងទង់ ដើម្បីរក្សាដីមេទឹក (បឹងទង់)នេះ សម្រាប់ស្រោចស្រពផលកសិកម្ម​ អាស្រ័យ​ផល​ ។

លោក ឌុច ជាតិ តំណាងឱ្យពលរដ្ឋជាង៣០​ គ្រួសារ រស់នៅភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ បានស្នើសុំទៅលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រសួងពាក់ព័ន្ធជួយមានវិធានការទប់ស្កាត់ជាបន្ទាន់ផងព្រោះពួកគាត់ធ្វើស្រូវ ដាំឈូក អាស្រ័យ​ ផលតាំងពីឆ្នាំ១៩៧៩មកម្លេះ ។

លោក ឌុច​ ជាតិបន្តថា ពួកគាត់បានកាន់កាប់​ និងប្រើប្រាស់ដីមេទឹក​នោះ ជាមធ្យមមួយគ្រួសារ ទំហំ២០ម៉ែត្របណ្តោយប្រហែល​ ៤០០ម៉ែត្រ សរុបកសិករដែលបានកាន់កាប់អាស្រ័យផលទាំងអស់ជិត១០០គ្រួសារឯណោះ ។ លុះដល់ពេលថ្មីៗនេះ​ ដីមានហាងឆេងស្រាប់តែអាជ្ញាធរឃុំតាំងក្រាំងបានឃុបឃិត​ គ្នាជាមួយឈ្មួញ​ អ្នកមានលុយ​ មានចេនាទុច្ច​រិតរំលោភយកដីបឹងទង់លក់​ ។

លោកអះអាងបន្តថា លោក ស៊ី អែល អនុភូមិពពិត ខ្លួនកាន់ការងាររាជការ​ តែមានគំនិត​ ទុច្ចរិតដើរតួជាអ្នកគួកជេរកាន់ឯកសារដើរបំផុសអោយពលរដ្ឋផ្ដិតមេ​ដៃលក់​ និងដោយ​ មាន​ការ​សម្របសម្រួលរៀបចំឯកសារពីអ្នកស្រី គឹម វណ្ណថា ស្មៀនឃុំតាំងក្រាំងទៀតផង ។យោងតាមច្បាប់ ស្ដីពីជលផល ឆ្នាំ២០០៦ ត្រង់មាត្រា២៥ បានចែងថា “ការធ្វើទំនប់កាត់ ឬលុបទន្លេ ស្ទឹង ព្រែក អូរ បឹង ប្រឡាយ អាងទឹក និងអាងធម្មជាតិ ឬការជីកប្រឡាយរណ្ដៅ និងស្រះទ្រង់ទ្រាយធំឬការសាង សង់សំណង់ថ្មីនានា ឬការបូមទឹក ដែលបង្កមហន្តរាយដល់ ធនធានជលផល នៅក្នុងដែននេសាទ ត្រូវមានការសិក្សាវាយតម្លៃពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ​ ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងមកនេះ ប្រជាពលរដ្ឋច្រើនគ្រួសារបានដាក់ពាក្យបណ្តឹង និងផ្ទុះការតវ៉ា នៅសាលាឃុំតាំងក្រាំង កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីប្រឆាំងដាច់ខាត រាល់ការទិញលក់ និងសុំរក្សា(ដីមេទឹកទង់)ឲ្យនៅជាសម្បត្តិរដ្ឋដដែល ។

យើងខ្ញុំពុំទាន់អាចសុំការបកស្រាយណាមួយទៅភាគីពាក់ពន្ធ័ឬអាជ្ញាធរ​ឃុំស្រុកដែលរងនូវការចោទប្រកាន់បានទេដោយពុំមានលេខទូរសព្ទ៕ប្រភពអត្ថបទ៖ នគរវត្ត

ចែករំលែក