បណ្តោយប្រពន្ធ លេងហ្វេសប៊ុកចុះឡើង រហូតនាំប្រុសមកដេកដល់ក្នុងផ្ទះ ប្តីតាមទាន់ប្តឹងប៉ូលីសឲ្យជួយ

1424

ហេតុការណ៍ដ៏ភ្ញាក់ផ្អើល និងគួរឱ្យហួសចិត្តនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តីដែលបើកដៃឱ្យប្រពន្ធនាំប្រុសសហាយចូលមកជ្រកក្រោមដំបូលតែ១ មានឈ្មោះនី សាវឿន អាយុ៣៩ឆ្នាំ មុខរបរកម្មកររោង ចក្រ មានស្រុកកំណើតនៅភូមពីងពុង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកស្ត្រីជាប្រពន្ធជើងល្អ មានប្តី១មិនស្កប់ មានប្តីដប់មិនស្កល់ មានឈ្មោះទឹម សុណារ៉ា អាយុ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ប្តីប្រពន្ធខាងលើនេះ មានកូនក្នុងបន្ទុក ចំនួន៣នាក់ (ស្រី២ ប្រុស១) ក្នុងនោះកូនស្រីច្បងអាយុ១៥ឆ្នាំ ចំណែកកូនស្រីពៅអាយុ១១ឆ្នាំទៅហើយ និងមានលំនៅក្នុង ផ្ទះជួលកើតហេតុខាងលើ។ រីឯបុរសជាប្រុសសហាយ មានឈ្មោះហ៊ាប គូក អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ជាបុរសពោះម៉ាយ មានស្រុ កំណើតនៅភូមិអំពិល ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង និងទើបមករស់នៅជុំគ្នាជាមួយគ្រួសារខាងលើ បាន២ថ្ងៃប៉ុណ្ណោះ។

បុរសជាប្តីឈ្មោះនី សាវឿន បានរៀបរាប់ទាំងអួលដើមកប្រាប់ថា ជាតិនេះគាត់កើតមក មានវាសនាអភ័ព្វខុសគេ ធ្លាប់មានប្រពន្ធដល់ ទៅ២ដង តែគ្មានមួយណាសមប្រកបសោះ ដោយលើកទីមួយគាត់បានរៀបការត្រឹមត្រូវ តែមិនទាន់បានផ្សំដំណេកផង ស្រាប់តែប្រពន្ធបានរត់តាម ប្រុសផ្សេងបាត់ ធ្វើឱ្យរាត្រីទឹកឃ្មុំក្លាយជារាត្រីទឹកខ្មេះ និងជាប់ឈ្មោះជាបុរសពោះម៉ាយ ទាំងមិនទាន់បានស្គាល់ក្លិនខ្លួន ក្លិនកាយប្រពន្ធបន្តិចសោះ។

បុរសអភ័ព្វរូបនេះ បានបន្តថា ក្រោយមកគាត់ក៏បានយកប្រពន្ធម្នាក់ទៀតឈ្មោះទឹម សុណារ៉ា (ប្រពន្ធសព្វថ្ងៃ) ដោយមិនបានរៀបការ ត្រឹមត្រូវទេ ប៉ុន្តែបានទំនាក់ទំនងស្រឡាញ់គ្នា១៦ឆ្នាំហើយ បង្កើតបានកូន៣នាក់ផងដែរ ព្រមទាំងបានចុះអេតាស៊ីវិលជាមួយគ្នាប្តីប្រពន្ធស្របច្បាប់ ទៀតផង តែមុននេះ ប្រពន្ធបានហែកអេតាស៊ីវិលចោលខ្ទេចទៅហើយ។

បុរសអភ័ព្វជាប្តី បានដឹងទៀតថា នៅមុនពេលកើតហេតុ ប្រមាណជាង២ខែមុននេះ ប្រពន្ធរបស់គាត់ បានសារភាព ប្រាប់គាត់តាមត្រង់ថា នាងមានទំនាក់ទំនងជាមួយបុរសម្នាក់ (ហ៊ាប គូក) តាមហ្វេសប៊ុក និងថែមទាំងបានសុំឱ្យសហាយមករស់នៅជាមួយគ្នាទៀតផង ប៉ុន្តែត្រូវគាត់ បដិសេធ។ លុះក្រោយមក ប្រពន្ធគាត់នៅតែអង្វរកច្រើនដងពេក និងថែមទាំងបានអះអាងថា នាងនិងប្រុសសហាយឈ្មោះហ៊ាប គូក មានទំនាក់ ទំនងនឹងគ្នាស៊ីជំរៅណាស់ ដោយធ្លាប់ជ្រុលខ្លួនរួមរ័កគ្នា ដល់ទៅ៣ដងរួចមកហើយ។

លុះក្រោយពីអង្វរគាត់ជាប្តីនៅតែមិនព្រម ស្រាប់តែប្រពន្ធ ជើងល្អនេះ លេងចេញក្បួនគំរាមប្តីម្តង ដោយនាងបានគំរាមថា បើមិនឱ្យប្រុសសហាយរូបនោះចូលមករួមរស់ក្រោមដំបូលតែមួយទេ នោះនាងនឹង រត់ចេញទៅរកកន្លែងផ្សេងរស់នៅជាមួយប្រុសសហាយហើយ ព្រោះពេលនេះ ពួកនាងពិតជាបាក់ចិត្តស្រលាញ់គ្នាខ្លាំងណាស់ ដកមិនរួចទេ។

បុរសអភ័ព្វជាប្តី បានបញ្ជាក់ថា ដោយសារតែអស់វិធីនឹងរារាំងប្រពន្ធ ណាមួយមិនចង់ឱ្យក្រុមគ្រួសាររបស់គាត់បែកបាក់គ្នាផង ទើបគាត់ យល់ព្រមបើកភ្លើងខៀវឱ្យប្រពន្ធនាំប្រុសសហាយរូបនោះចូលមកស្នាក់នៅក្នុងផ្ទះជាមួយគ្នា ទាំងឈឺចាប់ពើតផ្សារក្នុងទ្រូងយ៉ាងខ្លាំង។ លុះ បន្ទាប់ ពីនាំប្រុសសហាយចូលមករួមរស់ជាមួយបាន២ថ្ងៃ២យប់ គាត់បានតាមឃ្លាំមើលឃើញថា រាល់យប់ ប្រពន្ធលែងដេកចូលគាត់ជាប្តី បែរជារត់ទៅ ដេកជាមួយប្រុសហាយ រួមរ័កគ្នាយ៉ាងត្រេកត្រអាល គ្មានក្រែងចិត្តគាត់ជាប្តីសោះ។

លុះមកដល់យប់កើតហេតុ ដោយសារតែទ្រាំឃើញ ប្រពន្ធ របស់ខ្លួនរួមរ័កនឹងប្រុសសហាយលែងបាន ទើបគាត់បានសម្រេចចាក់សោបន្ទប់ជាប់ពីខាងក្រៅ រួចរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ឃាត់ ទាំងប្រពន្ធ និងប្រុសជាគូសហាយស្មន់នោះ នាំយកទៅសាកសួរភ្លាមៗតែម្តង។

នៅចំពោះមុខសមត្ថកិច្ច បុរសជាប្តីបានសម្រេចដាក់ពាក្យបណ្តឹង ទាមទារសំណងពីប្រពន្ធ និងប្រុសសហាយចំនួន៣ម៉ឺនដុល្លារ ជាថ្នូរនឹងជំងឺចិត្ត។ លុះចុងក្រោយ បន្ទាប់ពីគិតវែងឆ្ងាយ ណាមួយចិត្តនៅតែស្រលាញ់ប្រពន្ធខ្លាំង ទោះដឹងថាប្រពន្ធមានឈ្លក់វង្វេងនឹងប្រុសសហាយ ដកចិត្ត មិនរួចក្តី ក៏បុរសជាប្តីរិបូនេះ នៅតែធ្វើចិត្តព្រះ ព្រមដកពាក្យបណ្តឹង តែគ្រាន់សុំឱ្យប្រុសសហាយបែកចេញពីគ្រួសាររបស់គាត់ ព្រមទាំងឱ្យប្រពន្ធ ធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចជួយដឹងលឺ នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រួចនាំប្រពន្ធវិលទៅរួមរស់ជុំគ្នាវិញ៕

ចែករំលែក