សាហាវណាស់ ជនជាតិចិន បង្ខាំងនារី៣នាក់ នៅហាងម៉ាស្សា ក្នុងខេត្តព្រះសីហនុ

822

កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចកម្ពុជា សហការជាមួយ ក្រុមតម្រួតថៃបានចូលរំដោះនារីរងគ្រោះជាជនជាតិថៃ៣នាក់ នៅក្នុងហាងម៉ាស្សាមួយកន្លែង ក្នុងខេត្តព្រះសីហនុ ដែលគ្រប់គ្រងដោយជនជាតិចិន បានដោយសុវត្ថិភាព ព្រមទាំងបានឃាត់ខ្លួនជនជាតិចិន៣នាក់ផងដែរ ដើម្បីនាំខ្លួនយកមកសាកសួរ ។

ក្នុងករណីនេះ នារីរងគ្រោះជនជាតិថៃ៣នាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមសមត្ថកិច្ចកម្ពុជា ដែលបានសហការយ៉ាងឆាប់រហ័ស ក្នុងការចូលទៅរំដោះពួកនាងចេញពីការចាប់បង្ខាំងខ្លួនពីការឃុំឃាំងរបស់ថោកែចិន នៅក្នុងទីតាំងម៉ាស្សា២៤ម៉ោងលើ២៤ ម៉ោងមួយកន្លែង ក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ បន្ទាប់មកសមត្ថកិច្ចថៃ ក៏បានទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ដើម្បីចាត់កម្លាំងក្នុងការចូលរំដោះនារីរងគ្រោះបានជោគជ័យ ។

ក្នុងឱកាសនោះដែរ កុងស៊ុលថៃប្រចាំទីក្រុងភ្នំពេញ រួមជាមួយកម្លាំងសមត្ថកិច្ចកម្ពុជា បាននាំនារីរងគ្រោះមកសាកសួរ ដោយពួកនាងបានរៀបរាប់ថា ពួកនាងបានចូលទៅធ្វើការនៅក្នុងទីតាំងម៉ាស្សានោះជាង២ខែមកហើយ ដោយក្នុងកិច្ចសន្យាធ្វើតែ៨ម៉ោងប៉ុណ្ណោះ ក្នុង១ថ្ងៃ ប៉ុន្តែពេលចូលទៅធ្វើការ គឺប៉ាស្ព័រពួកនាង ត្រូវបានថៅកែចិនដកទុកទាំងអស់ ថែមទាំងបង្ខំអោយធ្វើការ២៤ម៉ោង ហើយគ្មានប្រាក់ខែ បើកឲ្យទៀត ពិសេស គឺនៅចុងក្រោយនេះ ពួកនាងម្នាក់ បានធ្លាក់ខ្លួនឈឺ ក៏គេមិនអនុញ្ញាតឲ្យចេញក្រៅ ដើម្បីទៅរកគ្រូពេទ្យដែរ ទើបពួកនាងលួច​ទាក់ទងទៅស្ថានីយតម្រួតក្នុងខេត្តស្រះកែវ កឲ្យជួយធ្វើអន្តរាគមន៍ជាមួយសមត្ថកិច្ចកម្ពុជា ។

ទីបំផុតនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៩ សមត្ថកិច្ចកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ រួមជាមួយនឹងតំណាងស្ថានទូតថៃប្រចាំក្រុងភ្នំពេញ បានរំដោះនិងបញ្ជូននារីរងគ្រោះទាំង៣នាក់ ទៅប្រគល់ឲ្យសមត្ថកិច្ចថៃ ប្រចាំច្រកអន្តរជាតិខ្លងលឹក ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ វិញ ដែលក្នុងនោះមានលោក បេនចៈផុន រ៉តសាវ៉ាត ប្រធានអន្តោប្រវេសន៍ ខេត្តស្រះកែវ កម្លាំងកងរយលេខ១២០១ និងកម្លាំងពាក់ព័ន្ធជាច្រើនទៀត។ ជាមួយគ្នានេះដែរអាជ្ញាធរថៃ និងស្រ្តីរងគ្រោះទាំង៣នាក់ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមត្ថកិច្ចកម្ពុជា ដែលបានធ្វើការទាន់ពេលវេលា ៕

ចែករំលែក