ទិញឡាន កក់លុយជាង២៤មុឺនដុល្លារ ដល់ថ្ងៃទៅយកអត់មានឡានឲ្យ និងស៊ីដាច់លុយកក់

806

បុរសស្ត្រី២នាក់បងប្អូនបង្កើតត្រូវបា​ននារីម្នាក់ចេញមុខបកអាក្រាតថាបានរួមគំនិតគ្នាបោកប្រាស់លុយរបស់គាត់រាប់មុឺនដុល្លារ ខណៈដែលគាត់បានយកលុយទៅកក់ថ្លៃរថយន្ត ប៉ុន្តែដល់ថ្ងៃកំណត់បែរជាមិនមានរថយន្តនិងមិនឲ្យលុយកក់មកវិញទេ ទោះជាគាត់បានទុកពេលឲ្យចេញមុខមកនិយាយគ្នា ក៏ជនទាំង២នេះប្រឹងគេចវេះ ទើបចុងក្រោយគាត់បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន និងបានបង្ហោះសារលើទំព័រហ្វេសប៊ុកផងដែរ។

ជនទាំង២នាក់ដែលត្រូវគេចោទបោកប្រាស់នេះ ទី១. មានឈ្មោះកេត កត្តញូតា និងទី២. មានឈ្មោះកេត គន្ធាបុផ្ផា។ ចំណែកស្ត្រីដែលអះអាងថាចាញ់បោកគេនេះ មានឈ្មោះអ៊ាន សៀវមុី។

បើតាមសំណេរដែលអ្នកស្រីអ៊ាន សៀវមុី បានឲ្យដឹងថា “ជំរាបសួរ ពុកម៉ែបងប្អូនទាំងអស់គ្នា ..! សូមប្រុងប្រយត័្នចំពោះ ជនទាំងពីរនាក់បងប្អូនបង្កើតនេះផងពីរនាក់នេះបានរួមគំនិតគ្នាបោកប្រាស់ប្រាក់ថ្លៃកក់រថយន្ត ម៉ាក Rolls Royce 2019 ចំនួន២៥២០០០$”។អ្នកស្រីអ៊ាន សៀវមុី បានបន្តថា ដោយទុកចិត្តជឿជាក់លើមនុស្សរាប់អានគ្នានាំទៅទិញរថយន្តពីជនឆរបោកឈ្មោះ កេត កត្តញូតា និងបងស្រីវា ឈ្មោះកេត គន្ធាបុផ្ផា ជាមេធាវីទៀត បានបោះត្រាធានាដឹងលឺកិច្ចសន្យាខាងលើនេះ…. តែដល់ថ្ងៃកំណត់ រថយន្តក៏មិនមាន សុំប្រាក់កក់វិញក៏មិនមាន ហើយខាងខ្ញុំទុកឱកាសអោយច្រើនដងហើយ រយលានសន្យា មកដល់ពេលនេះគឺជិតប្រាំខែហើយ។ ឥលូវនេះសមត្ថកិច្ចកំពុងតាមប្រមាញ់ …”។

ចុងក្រោយ អ្នកស្រីអ៊ាន សៀវមុី បានបន្ថែមថា “សូមបងប្អូនជួយស៊ែរបន្តផង ដើម្បីកុំអោយជនឆរបោកទាំងពីរនាក់នេះមកដើរបោកប្រាស់គេបន្តទៀត សូមអរគុណ”។អ្នកសារព័ត៌មានមិនទាន់អាចទាក់ទងលោកកេត កត្តញូតា និងអ្នកស្រីកេត គន្ធាបុផ្ផា ចំពោះការចោទប្រកាន់របស់នារីខាងលើបាននៅឡើយ។ ប៉ុន្តែយ៉ាងណាយើងរង់ចាំការបកស្រាយជានិច្ច ៕

ចែករំលែក