ក្រពេក បុរសម្នាក់ គ្មានលុយព្យាបាលជំងឺកូន តូចចិត្តឡើងអង្គុយលើមែកឈើ ចងកសម្លាប់ខ្លួន នៅមុខមន្ទីរពេទ្យកេតុមាលា

1536

បុរស​ម្នាក់​សង្ស័យ​មាន​វិបត្តិ ​ក៏​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ ដោយ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​គគីរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ នៅមុខ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​លេខ​៤៧ កែង​ផ្លូវ​៨៨ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ វ័យ​ប្រមាណ​ជាង​៤០​ឆ្នាំ ដើរ​ចុះ​ដើរ​ឡើង​ពី​បី​ថ្ងៃ​ហើយ នៅ​កន្លែងកើតហេតុ​ លុះ​មកដល់​ថ្ងៃកើតហេតុ​ខាងលើ មិនដឹងថា​គាត់​មាន​វិបត្តិ​អ្វី គាត់​បាន​យក​ខ្សែ​​ រួច​ក៏​រត់​សំដៅ​ឡើងលើ​ដើមឈើ​ភ្លាមៗ។ ពេល​នោះ​ ក៏មាន​ក្មេង​ពីរ​ទៅ​បីនាក់​ឃាត់​ដែរ ​តែ​មិន​ឈ្នះ ហើយក៏​ឡើង​បានសម្រេច​ដល់​ពាក់កណ្ដាល​ដើមឈើ រួច​យក​ខ្សែ​ចង​.​ក ជាប់​នឹង​មែកឈើ រួច​ទម្លាក់​ខ្លួន​ស្លាប់​មួយ​រំ​ពេច បង្ក​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ។

ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា​ បន្ទាប់ពី​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ចុះមក​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ទៅលើ​សាកសព​ជនរងគ្រោះ បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារតែ​ការចង​.​ក​សម្លាប់ខ្លួន​ពិតមែន។ សព​ជនរងគ្រោះ​ សមត្ថកិច្ច បាន​ប្រកាស​ស្វែងរក​សាច់ញាតិ ដើម្បី​ប្រគល់​សព​ជូន​​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​បន្ទាប់ពី​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​ឃើញ​ ទើប​ដឹងថា​ជនរងគ្រោះ​ដែល​ចងក​សម្លាប់​ខ្លួន​នោះ​ឈ្មោះ ពាធ អង ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​សំណង់​មាន​ទីលំនៅ ភូមិ​ព្រៃ​ទីទុយ ឃុំ​ជា​អង្គ ស្រុក​ថ្ពង ខេត្ត កំពង់ស្ពឺ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ​ដោយ​ឆ្លងតាម​ការសាកសួរ​ពី​មូលហេតុ ​ដែល​នាំ​ឲ្យ​បុរស​រូប​នោះ​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​នោះ​ គឺ​នៅ​មុនពេល​កើតហេតុ​នេះ ​គាត់​បាន​យក​កូនស្រី​របស់​គាត់​ម​ក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​រយៈពេល​២​ទៅ​៣​ថ្ងៃ​ហើយ ​តែ​ប្រហែលជា​គាត់​គិត​ថា​សព្វថ្ងៃនេះ​គាត់​ក្រ​ធ្វើការ​សំណង់​រក​ព្រឹក​ខ្វះ​ល្ងាច​ ហើយ​ម្យ៉ាងវិញទៀត​ប្រពន្ធ​ក៏​ធ្វើ​ក​ម្មករ​គេ​ដែរ​នោះ​ស្រាប់តែ​មក​ចងក​សម្លាប់​នៅ​លើ​ដើម​គគីរ​ក្បែរ​ពេទ្យ​ធំ​ដូច្នេះ​តែម្តង​។​

បច្ចុប្បន្ន​សព​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ​រង់ចាំ​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ចែករំលែក