តុលាការ កោះ​ហៅ​លោកឈឹម ផលរវុណ មន្ត្រីបក្សកាន់អំណាច​ ធ្វើ​ជាសាក្សី​ក្នុង​ករណី​លោក កឹម សុខា

1364

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​ម្នាក់ គឺ​លោក ឈឹម ផលរវុណ ដើម្បី​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំរឿង​បទ​ចោទ​លោក កឹម សុខា។ ការ​ចេញ​ដីកា​កោះ​នេះ ក្រោយ​ពេល​ដែល​សាក្សី​ទី​១ គឺ​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ បាន​បដិសេធ​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កំណត់​របស់​តុលាការ។

​ចៅក្រម​ស៊ើបសួរ លោក គី ឬទ្ធី បាន​បង្គាប់​ឲ្យ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក ឈឹម ផលវរុណ ចូល​ឆ្លើយ​បំភ្លឺ​ជា​សាក្សី នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ វេលា​ម៉ោង ៨​កន្លះ​ព្រឹក អំពី​ដំណើររឿង​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​តុលាការ​ចោទ​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ។

Image result for កឹម​ សុខា

ដីកា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក គី ឬទ្ធី បាន​បរាជ័យ ៣​ដង ក្នុង​ការ​កោះ​ហៅ​លោក ម៉ម សូណង់ដូ ឲ្យ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី ទាក់ទង​បទ​ចោទ​លោក កឹម សុខា ដូច​គ្នា។ លោក ម៉ម សូណង់ដូ ដែល​កំពុង​ស្នាក់នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បាន​ធ្វើ​លិខិត​ឆ្លើយ​តប​ជាមួយ​ចៅក្រម​ស៊ើបសួរ​ជា​បន្តបន្ទាប់​ថា លោក​មិន​អាច​ចូល​បំភ្លឺ​តាម​កាលកំណត់​បាន​ទេ ដោយសារ​លោក​កំពុង​សម្រាក​ព្យាបាល​សុខភាព​នៅ​ប្រទេស​បារាំង។

​លោក ម៉ម សូណង់ដូ ធ្លាប់​អះអាង​តាម​រយៈ​បទសម្ភាសន៍​ក្នុង​វិទ្យុ​អាស៊ីសេរី ថា ដីកា​កោះ​ហៅ​លោក​ជា​អន្ទាក់​ដើម្បី​ចាប់​រូប​លោក ហើយ​លោក​នឹង​មិន​ត្រឡប់​ទៅ​ចូល​អន្ទាក់​របស់​តុលាការ​នោះ​ទេ។

​ចំណែក​ឯ​សាក្សី​ទី​២ គឺ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ បាន​បដិសេធ​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី។
Image result for កឹម​ សុខា

ព្រះសង្ឃ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​ជំនឿ​ថា លោក ឈឹម ផលវរុណ នឹង​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី។ ប៉ុន្ដែ​ព្រះអង្គ​មើល​ឃើញ​ថា លោក ឈឹម ផលវរុណ មិន​មែន​ចូលខ្លួន​ធ្វើ​ជា​សាក្សី​ដោះ​បន្ទុក​នោះ​ទេ ផ្ទុយ​ទៅ​វិញ លោក ឈឹម ផលវរុណ នឹង​ដាក់​បន្ទុក​បន្ថែម​ទៅ​លោក កឹម សុខា។ ព្រះអង្គ​សំអាង​ថា ទី​១ លោក ឈឹម ផលវរុណ គឺ​ជា​មនុស្ស​បម្រើ​ឲ្យ​គណបក្ស​កាន់​អំណាច និង​ទី​២ លោក ឈឹម ផលវរុណ ធ្លាប់​មាន​គំនុំ​ឯកជន​ជាមួយ​លោក កឹម សុខា ដោយ​លោក​មាន​ប្រវត្តិ​ប្ដឹង​លោក កឹម សុខា ម្ដង​រួច​ហើយ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ក្រោយ​ពេល​លោក កឹម សុខា លា​ឈប់​ពី​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មក​បង្កើត​គណបក្ស​នយោបាយ៖ «នរណា​ក៏​ដឹង​ដែរ​ថា គាត់ (ឈឹម ផលវរុណ) មិន​មែន​ជា​មនុស្ស​ឯករាជ្យ​ឯ​ណា គាត់​ជា​មនុស្ស​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន ដែល​កាន់​អំណាច ចង់​មិន​ចង់ យើង​អាច​ដឹង​សាច់រឿង​មុន​តុលាការ​ទៅ​ទៀត គឺ​មិនមែន​ជា​ការ​ដោះ​បន្ទុក​ទៅ​ដល់​លោក កឹម សុខា ទេ ផ្ទុយទៅវិញ ជា​ការ​ដាក់​បន្ទុក​ទៅ​វិញ​ទេ»។

​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ឃើញ​ដីកា​កោះ​លោក ឈឹម ផលវរុណ ធ្វើជា​សាក្សី​រួច​ហើយ។ លោក​មេធាវី សំ សុគង់ ប្រាប់​ថា ក្នុង​ដំណាក់កាល​ស៊ើបសួរ ចៅក្រម​ស៊ើបសួរ​មាន​សិទ្ធិ​ក្នុង​ការ​កោះហៅ​សាក្សី ប៉ុន្តែ​ចំពោះ​លោក ឈឹម ផលវរុណ ក្រុម​មេធាវី​នឹង​សិក្សា​អំពី​ចម្លើយ​ថា​មាន​ភាព​ត្រឹមត្រូវ​ដល់​កម្រិត​ណា ព្រោះ​ក្រុម​មេធាវី​យល់​ថា លោក ឈឹម ផលវរុណ ជា​សាក្សី​សម្រាប់​ដាក់​បន្ទុក​កូន​ក្ដី។
Related image

លោក សំ សុគង់៖ «យើង​មិន​បារម្ភ​រឿង​ធ្ងន់ ឬ​ស្រាល​ទេ សំខាន់​យើង​ចង់​ដឹង​ថា តើ​សាក្សី ដូច​ភស្តុតាង​ដែល​តុលាការ​រក​ហ្នឹង វា​ជា​ភស្តុតាង​មួយ​ដែល​ជា​ភស្តុតាង​ដែល​ប្រើប្រាស់​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ ឬ​មួយ​ក៏​ភស្តុតាង​ដែល​យក​មក​មាន​ភាព​ជឿជាក់ និង​ជា​ភស្តុតាង​មួយ​ត្រឹមត្រូវ​ដែរ ឬ​ទេ? ទាក់ទង​នឹង​តួនាទី​ចៅក្រម​ស៊ើបសួរ​ក្នុង​រឿង​ព្រហ្មទណ្ឌ គឺ​គាត់​ត្រូវតែ​ស៊ើបសួរ​ទាំង​ដាក់​បន្ទុក និង​ដោះ​បន្ទុក អ៊ីចឹង​កាតព្វកិច្ច និង​ភារកិច្ច​របស់​គាត់​ត្រូវ​តែ​មាន​ការ​ស៊ើបសួរ​មួយ​ដែល​គ្មាន​ភាព​លំអៀង»។

​លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​យប់​រលង​អធ្រាត្រ​ថ្ងៃ​ទី​២ កញ្ញា ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ពី​បទ​ក្បត់ជាតិ។ បើ​ទោះ​ជា​មជ្ឈដ្ឋាន​ជាតិ និង​សហគមន៍​អន្តរជាតិ​យល់​ថា នេះ​គឺជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ត្រឹមត្រូវ ក៏​ចៅក្រម​ស៊ើបសួរ​បាន​ព្យាយាម​រក​សាក្សី​ដើម្បី​ដាក់​បន្ទុក ខណៈ​ដែល​រដ្ឋាភិបាល​ប្រកាស​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ខិតខំ​ប្រឹងប្រែង​ពន្យល់​ពលរដ្ឋ​ឲ្យ​ជឿ​ថា លោក កឹម សុខា គឺ​ជា​ជន​ក្បត់ជាតិ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​សហគមន៍​អន្តរជាតិ​ថ្កោលទោស ថា​ជា​រឿង​នយោបាយ ពីព្រោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាច​ចាញ់​ឆ្នោត​នៅ​ពេល​ខាង​មុខ​ទើប​រក​លេស​ចាប់​​មេ​បក្ស​ប្រឆាំង​ដែល​មាន​ប្រជាប្រិយ​ដាក់គុក៕

Related image

ប្រភពអត្ថបទ៖ RFA Khmer

ចែករំលែក