១យប់សម្រេច២ដង ដោយសារ លោកគ្រូគំរាមថា បើមិនឲ្យរំលោភ បារមីនឹងចុះមក​សម្លាប់៧សណ្តាន

3134

ខេត្តកណ្តាល ៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវគ្រូស្រោចទឹកមន្តរំដោះគ្រោះ ចាប់រំលោភអ្នកជំងឺ១យប់២ដង ដោយគំរាមថា បើមិនព្រមទេ បារមីនឹងកាច់ស្លាប់ទាំង៧សណ្តានរួចមក ស្ត្រីជាប្រពន្ធគ្រូបោកបានចេញមុខមកអះអាងថា តាមពិតនារីរងគ្រោះមិនមែនជាអ្នកជំងឺទេ

តែជាគ្រូចូលរូបដូចប្តីដែរ និងបានវេចបង្វេចមកចូលរូបជាមួយគ្នាក្នុងអាស្រមខាងលើ និងត្រូវរ៉ូវគ្នាមួយរយៈមកហើយ ស្រាប់តែចុងក្រោយ បែរជាមកប្តឹងចោទថា ប្តីគាត់ចាប់រំលោភទៅវិញ។

គួររំលឹកថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ មានករណីរំលោភសេពសន្ថវៈមួយបានកើតឡើង នៅចំណុចអាស្រមគ្រូបោក ស្ថិតក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ដោយនារីក្រមុំម្នាក់បានកើតមានជំងឺប្រចាំកាយព្យាបាលមិនជា លុះឮល្បីថា មានគ្រូម្នាក់ពូកែខាងព្យាបាលជំងឺស័ក្តិសិទ្ធ ក៏ប្រថុយទៅដេកព្យាបាលនៅផ្ទះគ្រូ២យប់

ស្រាប់តែគ្រូជើងល្អប្រើល្បិចធ្វើជាមានបារមីចូលខ្លួនទាំងកណ្តាលយប់ រួចក៏ទៅចាប់រំលោភអ្នកជំងឺក្រមុំ ដោយគំរាមថា បើមិនព្រម ប្រយ័ត្នបារមីកាច់ស្លាប់ទាំង៧សណ្តាន ជាហេតុធ្វើឱ្យនារីរងគ្រោះភ័យ ក៏ព្រមបើកផ្លូវឱ្យគ្រូកំហូចរំលោភរហូតបានសម្រេចដល់ទៅ២ដង ក្នុង១យប់។

លុះព្រឹកស្អែកឡើង នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។

ជនសង្ស័យដែលតាំងខ្លួនជាគ្រូស្នងបារមីខ្លាំងពូកែខាងព្យាបាលជំងឺ តែបែរជាប្រើល្បិចគំរាមរំលោភអ្នកជំងឺក្រមុំ រហូតឈានដល់ជាប់ខ្នោះនេះ មានឈ្មោះឯក កុសល អាយុ៣៩ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកង់បីផង និងជាគ្រូស្រោចទឹកព្យាបាលជំងឺផង មានប្រពន្ធឈ្មោះនុត ចន្ធី អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងមានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះមានអាយុ២៦ឆ្នាំ ជាកម្មការិនីរោងចក្រ និងមានស្រុកកំណើតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជុំវិញរឿងអាស្រូវខាងលើនេះ តាមសម្តីស្ត្រីឈ្មោះនុត ចន្ធី ត្រូវជាប្រពន្ធគ្រូស្រោចទឹកជាជនសង្ស័យ បានរៀបរាប់ប្រាប់ថា ជាធម្មតាគាត់រវល់ទៅធ្វើការរោងចក្រមិនសូវបាននៅផ្ទះទេ ហើយតាមពិតទៅ នារីរងគ្រោះនោះមិនមែនជាអ្នកជំងឺនោះទេ តែជាអ្នកចូលរូបដូចប្តីរបស់គាត់ដែរ និងបានវេចខោអាវមកស្នាក់នៅជាមួយប្តីគាត់មួយរយៈមកហើយ។ រីឯរូបគាត់យូរៗមកលេងផ្ទះម្តង

តែងឃើញនារីរូបនោះ និងប្តីដេកនៅក្នុងមុងជាមួយគ្នា ឱបគ្នា ទំនងជាត្រូវរ៉ូវគ្នាអស់ទៅហើយ ប៉ុន្តែគាត់ជាប្រពន្ធមិនប្រកាន់ទេ ដោយសារនឹកឃើញថា ពួកគេទាំង២ សុទ្ធតែងជាអ្នកចូលរូបដូចគ្នា ណាមួយនារីរងគ្រោះធ្លាប់ប្រាប់គាត់ថា នាងគ្រាន់តែចូលរូបទេ មិនចង់បានប្តីគាត់ទេ។

ប្រពន្ធគ្រូបោកខាងលើ បានបញ្ជាក់ថា តាមពិតនារីរងគ្រោះរូបនោះប្តឹងប្តីរបស់គាត់ គឺចង់បានលុយ២០០០ដុល្លារ តែគ្រួសារគាត់ក្រីក្រណាស់ គ្មានលុយបង់ឱ្យដល់ទៅរាប់ពាន់ដុល្លារនោះទេ ព្រោះមើលទៅជាក់ស្តែង សព្វថ្ងៃ គ្រួសារគាត់រស់នៅក្នុងកូនខ្ទមកំប៉ុកមួយប៉ុណ្ណោះ ស្ទើររកអង្ករច្រកឆ្នាំងមិនបានផង។

ទាក់ទងនឹង ករណីខាងលើនេះ លោកវង សែ អធិការរងនគរបាលស្រុកកៀនស្វាយ ទទួលផែនយុត្តិធម៌ បានបញ្ជាក់ប្រាប់ថា សំណុំរឿងខាងលើ សមត្ថកិច្ចបានរៀបចំបញ្ជូនទាំងសំណុំរឿង និងជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា តាមសម្តីនារីរងគ្រោះបានរៀបរាប់ប្រាប់ថា នាងបានកើតមានជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ ទោះជាព្យាបាលយ៉ាងណា ក៏មិនបានធូរស្បើយសោះ មិនថាគ្រូពេទ្យ ឬគ្រូខ្មែរនោះទេ ដូចជាមិនកបសោះ។ ក្រោយមក នាងក៏បានលឺដំណឹងថា នៅភូមិ-ឃុំកើតហេតុខាងលើ មានគ្រូម្នាក់ពូកែខាងព្យាបាលជំងរាប់រយមុខ និងពូកែស័ក្តិសិទ្ធខ្លាំងណាស់ ទើបនាងបានស្កាត់ទៅរកគ្រូខាងលើឱ្យជួយព្យាបាល។ លុះទៅដល់ គ្រូឯក កុសល បានតម្រូវឱ្យនាងស្នាក់នៅអាស្រមគាត់២យប់ ដើម្បីព្យាបាល ចំណែកនាងក៏ប្រថុយយល់ព្រមស្នាក់នៅ២យប់ទៅ។

នារីរងគ្រោះបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ខណៈដែលនាងកំពុងដេកលក់លក់ក្នុងអាស្រម ស្រាប់តែលេចមុខគ្រូនោះចូលមកដល់ ដោយប្រាប់ថា កំពុងមានបារមីចូលសណ្ឋិតខ្លួនគ្រូហើយ និងត្រូវព្យាបាលជំងឺឱ្យនាងទាំងកណ្តាលយប់។ លុះពេលចាប់ផ្តើមព្យាបាល គ្រូនេះចេះតែទាមទារឱ្យនាងដោះខោអាវចេញឱ្យអស់ ទីបំផុត ក៏ធ្វើសកម្មភាពចាប់នាងរំលោភ ដោយគំរាមថា បើសិនជានាងមិនព្រមធ្វើតាមអ្វីដែលគ្រូចង់បានទេ នោះបារមីនឹងកាច់សម្លាប់នាង ព្រមទាំងបងប្អូន ឪពុកម្តាយ សាច់ញាតិរបស់នាង និយាយរួមគឺនឹងកាច់សម្លាប់៧សណ្តានតែម្តង ជាហេតុធ្វើឱ្យនាងភិតភ័យ ក៏បណ្តោយខ្លួនឱ្យគ្រូរំលោភរហូតដល់បានសម្រេច ១យប់២ដងតែម្តង។

ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នារីរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសំរោងធំ ឱ្យជួយអន្តរាគមន៍ ហើយភ្លាមៗនោះ សមត្ថកិច្ចក៏ចុះធ្វើការស្រាវជ្រាវចាប់ខ្លួនគ្រូកំហូចខាងលើ នាំយកមកសាកសួរភ្លាមៗ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះឯក កុសល ដែលតាំងខ្លួនជាគ្រូព្យាបាលជំងឺមានបារមីកាន់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលនារីរងគ្រោះ ប្តឹងចោទប្រកាន់មែន ដោយខ្លួនពិតជាបានរំលោភនារីរងគ្រោះ២ដងមែន៕

ប្រភពអត្ថបទ៖ នគរធំ

ចែករំលែក