ម្ចាស់អាងហែលទឹក Fantastic Water World ព្យាយាមលាក់ព័ត៌មាន រឿងក្មេងលង់ទឹកស្លាប់

424

ភ្នំពេញ៖ អាង​ហែល​ទឹក យី​ហោ ពិភព​ទឹក​ដ៏​អស្ចារ្យ (Fantastic Water World) ដែល​មាន​ទី​តាំង​នៅ ហ្គ្រេ​ន​ភ្នំពេញ សង្កាត់​ឃ្មួញ ខណ្ឌសែន​សុ​ខ រាជធានី​ភ្នំពេញ បានឆក់យកជីវិតក្មេងប្រុសម្នាក់ខណៈក្មេងនោះបានទៅទិញសំបុត្រហែលទឹកលេងនៅទីនោះហើយបានស្លាប់បាត់បង់ជីវិតក្រោយពីបញ្ជួនទៅកាន់មន្ទីពេទ្យគន្ធបុប្ផា។

លោក ហួរ ម៉េងវ៉ាង អធិការនគរ​បាល​ខណ្ឌ​សែន​សុខ បាន​​ប្រាប់ភ្នាក់ងារសាព័ត៌មាននគរវត្ត តាម​ទូរស័ព្ទ​កាលពីរសៀល ថ្ងៃ អង្គារ ១២ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៨នេះថា ពិតជា​មាន​ក្មេង​ប្រុស​ម្នាក់​លង់​ទឹក​ស្លាប់​នៅ​ក្នុង​អាង​ហែល​ទឹក យី​ហោ ពិភព​ទឹក​ដ៏​អស្ចារ្យ (Fantastic Water World) ដែល​មាន​ទី​តាំង​នៅ ហ្គ្រេ​ន​ភ្នំពេញ សង្កាត់​ឃ្មួញ ខណ្ឌសែន​សុ​ខ រាជធានី​ភ្នំពេញ ប្រាកដ​មែនប៉ុន្តែលោកបញ្ជាក់ថាពេលកើតហេតុមិនមានជនរងគ្រោះណាម្នាក់មកប្តឹងសមត្ថកិច្ចទេរហូតមកដល់ពេលនេះ។

លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបាន​បញ្ជាក់​ថា ករណី​ក្មេង​លង់​ទឹកអាងស្លាប់​នេះ កើត​ឡើង​តាំងពីរសៀល​ថ្ងៃ​អាទិត្យ​ទី​១១ ខែមីនា ឆ្នាំ២​០​១៨​មកម្លេះប៉ុន្តែ​ភ្លាម​ៗ គឺខាងម្ចាស់​ទី​តាំង​មិន​បាន​សហការ​ផ្តល់​ព័ត៌​មាន​ឱ្យ​ស​ម​ត្ថកិច្ចដឹង​នោះ​ទេ ទាល់​តែ​មានពលរដ្ឋរាយការណ៍មកលោកទើបដឹងហើយលោក​បាន​ចាត់កម្លាំងជំនាញ​ឱ្យចុះ​ទៅ​ស្រា​វ​ជ្រាវ ។

លោក ហួរ ម៉េងវ៉ាង បន្ដថា ក្រោយ​សាក​សួរ​ម្ចាស់ទីតាំង សមត្ថកិច្ចរបស់លោក​បា​នរកឃើញថា ពិតជាមានក្មេង​ប្រុស​ម្នា​ក់​បាន​លង់ទឹក នៅក្នុងអាងហែលទឹក ដែល​មាន​ទី​តាំង​ខាង​លើ​មែន ហើយក្មេងរង​គ្រោះ​ត្រូវ​បាន ក្រុមគ្រួសារបញ្ជូន​ទៅ​ស​ង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ជាអកុស​ល​ក្មេងប្រុសនោះបានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនោះ។

លោកថា មកដល់ពេលនេះសមត្ថកិច្ច​នៅ​មិន​ទាន់អាច​ស្រាវជ្រាវ​រកក្រុមគ្រួសារ​ជន​រង​គ្រោះ​ឃើញ​នៅ​ឡើយ​ទេ ។ យោង​តាម​សេចក្តី​រា​យការណ៍​ពី​ប្រជាពលរដ្ឋ​ដែល នៅ​កន្លែង​កើត​ហេតុ និងជាអ្នកជួយ​ស​ង្គ្រោះ​​ក្មេងដែលលង់ទឹកនោះផង បាន​ឱ្យ​ដឹង​ថា ក្មេងរងគ្រោះមានភេទប្រុស អាយុ​ប្រហែល​៥​ទៅ​៦ឆ្នាំ បានទៅហែល​ទឹក​លេ​ង​ជាមួយម្តាយមីងម្នាក់ ក្រោយពី​ហែល​ទឹ​ក​លេង​បាន​មួយ​សន្ទុះ នៅម៉ោង​ប្រហែ​ល​ជា​២រ​សៀល​ក្មេង​នោះ​បាន​លង់​ទឹក ។

ភ្លាមៗ​នោះ​ពលរដ្ឋ​ដែល​នៅ​លេង​ក្បែរ​នោះ​បាន​ព្យាយាម​ជួយ​សង្គ្រោះ​ដែរ ប៉ុន្តែ​គ្មាន​សមត្ថ​ភាព​ជួយ ក៏បានត្រឹម​តែ​ជួយ​ដឹក​យ​ក​ក្មេង​រងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែនៅពេលដល់មន្ទីរពេទ្យ គន្ធបុប្ផា គ្រូពេ​ទ្យ​ក្មេង​ប្រុស​នោះ​បាន​ស្លាប់​បាត់ទៅ​ហើយ ។ ពលរដ្ឋ​ដែល​នៅ​កន្លែង​កើតហេតុបាន​រិះ​គន់​ថា ទី​តាំង​អាង​ហែល​ទឹក យីហោ ពិភ​​ព​​ទឹក​​ដ៏​អស្ចារ្យ (Fantastic Water World) នៅ ហ្គ្រេនភ្នំពេញ នេះបាន​ល​ក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ជាកុមារ ៥ ទៅ​៦​ដុល្លារ ប៉ុ​ន្តែ​​គ្មាន​បាន​ដាក់​សន្តិ​សុខ ឬបុគ្គលិកឱ្យ​ចាំ​មើលក្មេងហែលទឹកក្រែងមានករណីលង់ទឹកនោះទេ ហើយនៅ​ពេលមាន​ក្មេង​លង់​ទឹ​ក បែប​នេះ ម្ចាស់ទីតាំងបែរ​ជាមិន​មាន​អ្នក​ជំនាញ​ជួយ​សង្គ្រោះ​ក្មេង​ឡើយ មាន​តែ​ខំបិទបាំង​ព័ត៌មានកុំ​ឱ្យ​បែក​ធ្លាយ​ទៅវិ​ញ ៕

ចែករំលែក