ពលករ៖ អញខំលួចឆ្លងដែនថៃ កាប់ក្រញូងបាន តថ្លៃឲ្យ១ពាន់ដុល្លាហើយ មិនព្រម សុខចិត្តដុតចោល

708

ខេត្តឧត្តរមានជ័យ៖ នៅវេលាយប់ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ មានសេចក្ដីរាយការណ៍មកថា មានពលករឆ្លងដែនកាប់ឈើគ្រញូងចំនួន៧នាក់ រស់នៅក្នុងភូមិត្រពាំងតៅចាស់ ឃុំត្រពាំងតៅ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានសម្រេចចិត្តដុតចោលឈើគ្រញូង ជិត៧០០គីឡូក្រាម

ក្រោយពេលចរចា​គ្នាជាច្រើន​ម៉ោងមិនត្រូវរ៉ូវជា​មួយនឹង​កងកម្លាំងយោធា កងអនុសេនាធំ​លេខ៧ នៃសឹករង ក្នុងការដាក់តម្លៃ១៥០០$​(មួយពាន់ប្រាំរយ)តែខាងពលរដ្ឋ សុំឲ្យ១០០០$ តែខាងយោធា​មិនព្រម ក៏ដុតបំផ្លាញឈើ​ចោលដើម្បី​បញ្ចប់រឿងតែម្តង ។

បើតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ពលករឆ្លងដែនខាងលើបានសំពាយ​ឈើគ្រញូង​ចេញ​ពីទឹកដីថៃ ត្រង់ចំណុចភូមិខ្ទំ ឆ្លងកាត់តំបន់កង​អនុសេនាធំលេខ៧ ឆ្ពោះមកភូមិឃុំខាងលើ រហូតមកដល់ផ្ទះ​របស់ខ្លួន ក៏បានយកឈើគ្រញូង​មកលាក់ទុក​នៅខាងក្រោយផ្ទះ ត្រូវបាន​មន្រ្ដីយោធា​ចំនួនបីនាក់ តាមទាន់ និងរុករកឃើញ ក៏បម្រុងនឹងប្រមូល​ចាប់យក​មករក្សាទុក​នៅក្នុងបន្ទាយ ដោយ​មិនព្រមទទួល​យកការ​ចរចា ក៏ឈានដល់ការដុតបំផ្លាញ​ឈើគ្រញូងនោះ​ចោលទាំងអស់​តែម្ដង ។

បើតាមការឲ្យដឹងពីលោក រស់ សារួន មេបញ្ជាការកងអនុសេនាធំលេខ៧ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ថា លោកមិនបាននៅក្នុងហេតុការណ៍នេះទេ ដោយលោកជាប់រវល់នៅខេត្ត ហើយព័ត៌មាននេះមានឈ្មួញទូរសព្ទ័ទៅសុំចរចាជាមួយនឹងលោកដែរ តែលោក មិនទទួល ហើយលោកឲ្យយកមកដាក់នៅបន្ទាយ តែប្រហែលនិយាយចរចាមិនត្រូវរ៉ូវគ្នាទើប ពលរដ្ឋដុតឈើចោលតែម្ដង។

លោករស់ សារួន បានបន្ដថា នេះមិនមែនលោកទៅជំរិតគំរាមកំហែងដូចការចោទប្រកាន់ទេ គឺបទបញ្ជារបស់ថ្នាក់លើ ឲ្យល្បាត និងទប់ស្កាត់ ពីព្រោះខាងភាគីថៃ តែងតែបានដាស់តឿន ក្រើនរំលឹកមកដល់កងកម្លាំងលោកជារឿយៗ ឲ្យមានការទប់ស្កាត់ បើមិនមានការទប់ស្កាត់ពលករទេ ពេលពលករខ្មែរចូលទៅលួចឈើគ្រញូង គេនឹងបាញ់សម្លាប់ចោល

ពីព្រោះពលករមួយក្រុមខាងលើ តែងតែព្យាយាមទៅលួចឈើគ្រញូងនៅជិតបន្ទាយយោធា និងប៉ូលិសថៃរហូត ទើបកងកម្លាំងយោធាកងអនុសេនាធំលេខ៧ ចេញល្បាតទប់ស្កាត់ និងបង្ក្រាបជាបន្ដបន្ទាប់ ការពារបង្ការកុំឲ្យកើតមានគ្រោះថ្នាក់ដល់ពលរដ្ឋ ៕

ប្រភពអត្ថបទ៖ នគរវត្ត

ចែករំលែក