អាជ្ញាធរអប្សារា នឹងចាត់វិធានការ លើអ្នកបង្ហោះដ្រូននៅតំបន់ប្រាសាទអង្គរ

114

សៀមរាប​:​ដើម្បី​ទប់ស្កាត់​ការ​បង្ហោះ​យន្តហោះ​ខ្នាតតូច (Drone) ក្នុង​តំបន់​អង្គរ​ឲ្យ​មាន​ប្រសិទ្ធភាព​កាលពី​រសៀល​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០១៨​អាជ្ញាធរ​ជាតិ​អប្សរា បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងៗ​។​

​ក្នុងនោះ​មាន​តំណាង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​តំណាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​តំណាង​សាលាខេត្ត​សៀមរាប​តំណាង​ស្នងការ​នគរបាល​ខេត្តសៀមរាប​តំណាង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍។

តំណាង​នាយកដ្ឋាន​នគរ​ការពា​រ​បេតិកភណ្ឌ តំណាង​គ្រឹះ​សា្ថ​ន​អង្គរ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត តំណាង​មន្ទីរ​ទេសចរណ៍​ខេត្ត តំណាង​មន្ទីរ​ព័ត៌មាន​ខេត្ត សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ទាំង​៦​ក្នុង​ខេត្ត តំណាង​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​ខេត្ត និង​មេធាវី​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​រិះរក​វិធានការ​ស្របច្បាប់ និង​អាច​អនុវត្តបាន​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ការរៀបចំ​កិច្ចប្រជុំ​នេះ គឺ​ស្រប​ពេលដែល​ការ​លួច​បង្ហោះ Drone ក្នុង​រមណីយដ្ឋាន​អង្គរ​មានការ​កើនឡើង​យ៉ាងគំហុក ក្នុង​រយៈ ពេល ២​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ត្រីមាស​ទី​១ ឆ្នាំ​២០១៧ មាន​ចំនួន​៥៨ គ្រឿង និង​ត្រីមាស​ទី​១​ឆ្នាំ​២០១៨ មាន​រហូតដល់​ចំនួន ១៥៨ គ្រឿង​។

បើទោះបីជា​អាជ្ញាធរ​អប្សរា​ធ្លាប់បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាមរយៈ​សេចក្តីជូនដំណឹង​លេខ​៦៧៧/១៦​រប​.​សជណ ហើយ​ក្រុមការងារ​បាន​ព្យាយាម​ទប់ស្កាត់​យ៉ាងណាក្តី​។ ការរៀបចំ​កិច្ចប្រជុំ​នេះ គឺ​ក្នុង​គោលដៅ​ពិភាក្សា រក​វិធីសាស្ត្រ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅកាន់​អ្នកប្រើប្រាស់​Drone និង​រិះរក​វិធានការ​ពិន័យ​តឹងរឹង​បន្ថែមទៀត​។​

​លោក សុខ សង្វារ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើងថា កំណើន​នៃ​Drone​ក្នុង​តំបន់​អង្គរ​នេះ វា​ជា​ហានិភ័យ​ដល់​ប្រាង្គ​ប្រាសាទ​នានា បង្ក​ការរំខាន និង​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​រមណីយដ្ឋាន​អង្គរ និង​ភ្ញៀវទេសចរ​ថែមទៀត​។ ម្យ៉ាងវិញទៀត Drone ជា​បច្ចេកវិជ្ជា​ដ៏​ទំនើប ដែល​អាច​បង្ក​ភាពងាយស្រួល​ដល់​ក្រុម​ភេរវកម្ម​ក្នុងការ​បំផ្លាញ​ដល់​រមណី​ដ្ឋា​ន​បេតិកភណ្ឌ​ពិភពលោក​ផងដែរ​។

​លោក ក្រូច វ៉ាន់ឌី អនុប្រធាននាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល បញ្ជាក់ថា ជាគោលការណ៍ កន្លងមក​លេខាធិការ​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​បានកំណត់​មិន​ឲ្យ​មានប្រើ​ប្រាស់​Drone​ជា​លក្ខណៈ​បុគ្គល​ឡើយ​។ អាច​អនុញ្ញាត​បានតែ​ក្នុងករណី​ក្រុមហ៊ុន​មាន​ចុះបញ្ជី​ត្រឹមត្រូវ និង​អាច​អនុញ្ញាត​ឲ្យ​បង្ហោះ​ក្នុង​រយៈ​ចម្ងាយ​១៥០​គម ពី​តំបន់ហាមឃាត់ និង​មិន​ឲ្យ​ហួស​ពី​កម្ពស់​១៥០​ម៉ែត្រ​ពី​ដី​។

​លោក​ឧត្ដមសេនីយ៍ឯក ឡាយ ប៊ុនថន ប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍ បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការ​រឹតបន្តឹង​នូវ​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​នូវ​ការ​បង្ហោះ​Drone​ក្នុង​តំបន់ហាមឃាត់ ជាពិសេស​គឺ​រមណីយដ្ឋាន​អង្គរ​តែម្តង​។ លោក​បញ្ជាក់ថា វិធាន​ការដែល​សំខាន់​គឺ​ការទប់ស្កាត់​កុំ​ឲ្យ​មាន​អ្នក​លួច​បង្ហោះ​បាន តាមរយៈ​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ គ្រប់​ទីតាំង​សំខាន់ៗ​ដែល​ភ្ញៀវទេសចរ​ឆ្លងកាត់ និង​ស្នាក់នៅ មុននឹង​ពួកគាត់​ធ្វើដំណើរ​ទៅកាន់​កន្លែង​កម្សាន្ត​។​

​ជា​លទ្ធផល​កិច្ចប្រជុំ​នេះ​បាន​ព្រមព្រៀងគ្នា​ដើម្បី​បង្កើត​ក្រុមការងារ​ចម្រុះ​មួយ​ដែល​នឹង​ពិភាក្សា​ទៅលើ​អង្គច្បាប់ ដើម្បី​ចាត់វិធានការ​តឹងរឹង​បន្ថែមទៀត​។ ចំណែក​វិធានការ​ជា​បណ្តោះអាសន្ន គឺ​ត្រូវ​ចាប់​Drone​រក្សាទុក​មួយរយៈ​ជា​បណ្តោះអាសន្ន និង​តម្រូវ​ឲ្យ​ម្ចាស់​បំពេញបែបបទ​ស្នើសុំ​តាម​ក្រោយ​។

ជាមួយគ្នានេះ អាជ្ញាធរ​ជាតិ​អប្សរា​និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត នឹង​រៀបចំ​ការផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត នូវ​បម្រាម​ប្រើប្រាស់​Drone​ក្នុង​តំបន់​អង្គរ ដូចជា ការបោះពុម្ព​ផ្ទាំង​ប៉ាណូ​ធំៗ ការដាក់​សញ្ញា​ហាមឃាត់​នៅលើ​បណ្ណទ​ស្សនា និង​ការផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​ទេសចរណ៍​ជាដើម​៕

ប្រភពអត្ថបទ៖ រស្មីកម្ពុជា

ចែករំលែក