ចិន ចង់​វិនិយោគ​បង្កើត​ទីក្រុង​សម្ព័ន្ធភាព នៅ​ខេត្ត​ព្រះសីហនុ

1348

ប្រតិភូ​ខេត្ត​លាវ​នី​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​មាន​គម្រោង​ចង់​វិនិយោគ​បង្កើត​ទីក្រុង​សម្ព័ន្ធភាព ​និង​សួន​ឧស្សាហកម្ម​កម្ពុជា​-​លាវ​នី​ង​ នៅ​ក្រុងព្រះសីហនុ ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កម្មន្តសាល ​និង​រឹតចំណង​មិត្តភាព​ជាមួយ​ខេត្ត​ព្រះសីហនុ​។

ក្រសួងពាណិជ្ជកម្ម​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​នៅ​រសៀល​ថ្ងៃទី​២៥ ​មេសា ឆ្នាំ​២០១៩​ថា គម្រោង​វិនិយោគ​នេះ​ត្រូវ​បាន​បង្ហើប​នៅក្នុង​ជំនួប​ការងារ​រវាង ឯកឧត្តម ​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ​និង​លោក ជិន គួ​យ​ហ្វា (Chen Qiufa) លេខា​បក្ស​កុម្មុយនិស្ត ​ខេត្ត​លាវ​នី​ង​។

ក្នុងឱកាស​នោះ ភាគី​ចិន​បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី អំពី​កំណើន​សេដ្ឋកិច្ច​និង​សក្តានុពល​សំខាន់ៗ​របស់​ខេត្ត​លាវ​នី​ង​ ព្រមទាំង​គម្រោង​សាងសង់​ទីក្រុង​សម្ព័ន្ធភាព ​ខេត្ត​លាវ​នី​ង និង​ខេត្ត​ព្រះសីហនុ រួមមាន​ទាំង​សួន​ឧស្សាហកម្ម​កម្ពុជា​-​លាវ​នី​ង ​ដែល​អាច​នាំមក​នូវ​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​ទ្វេភាគី​។​ជាមួយគ្នានេះ ​ភាគី​ចិន​បាន​ស្នើសុំ​កម្ពុជា​ធ្វើការ​គាំទ្រ​គម្រោង​វិនិយោគ​ខាងលើ ​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី រវាង​ខេត្ត​លាវ​នី​ង​ និង​ខេត្ត​ព្រះសីហនុ ស្របតាម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់​ និង​ផ្លូវ របស់​ប្រធានាធិបតី​ចិន​។

ជាការ​ឆ្លើយតប​របស់ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​សន្យាថា​ នឹង​ជួយ​សម្របសម្រួល​គម្រោង​វិនិយោគ​របស់​ខេត្ត​លាវ​នី​ង​ ឲ្យ​លេច​រូបរាង​ឡើង​ប្រាកដ​នាពេល​អនាគត ​ដើម្បី​បង្កើត​ឱកាស​ការងារ​និង​ប្រាក់ចំណូល​បន្ថែម​ជូន​ប្រជាជន ​ជាពិសេស​ជំរុញ​ការ​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ ឲ្យ​កាន់​តែ​មាន​វឌ្ឍនភាព​ខ្ពស់​ថែមទៀត​។

ក្នុងនោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើ​សុំ​ភាគី​ចិន​ធ្វើការ​វិនិយោគ​សាងសង់​ឡស​ម្ងួ​ត ​ដើម្បី​រក្សាទុក​កសិផល​ខ្មែរ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​បម្រើ​ឧស្សាហកម្ម​កែច្នៃ​ម្ហូបអាហារ ​សំដៅ​នាំចេញ​ទៅកាន់​ប្រទេស​ចិន និង​ទីផ្សារ​អន្តរជាតិ ​ដោយសារតែ​កម្ពុជា គឺជា​ប្រទេស​កសិកម្ម​ដែល​សម្បូរ​ដោយ​ភោគផល​ធម្មជាតិ​ មានដូចជា ​៖ ស្រូវ ស្វាយ ចេក ពោត ផ្លែ​មាន និង​ដំឡូង​មី ជាដើម​។​ល​។ និង​ស្នើសុំ​បន្ថែម​ដល់​លេខា​បក្ស​ខេត្ត​លាវ​នី​ង ជួយ​គាំទ្រ​កម្ពុជា ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ខេត្ត​លាវ​នី​ង ​និង​ការចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍ ព្រមទាំង​វេទិកា​ធុរកិច្ច និង​វិនិយោគ​ផ្សេងៗ ​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​៕​

ចែករំលែក