ធ្លាយព័ត៌មាន ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ លួចចេញច្បាប់ឲ្យឈ្មួញឈើ បើកដេប៉ូ ស្រួលនាំឈើចេញទៅវៀតណាម

868

គ្មានអីពិបាកយល់នោះទេ សូម្បីតែក្មេងបៀមដៃក៏អាចយល់បានដែរនូវសកម្មភាពរបស់លោកទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះនិងលោក នួន ពៅរតនា នាយរងផ្នែករដ្ឋបាលព្រៃឈើខេត្តក្រចេះ បានឃុបឃិតគ្នាចេញច្បាប់ឲ្យឈ្មួញឈើឈ្មោះទា កែវមុនីសហការជាមួយឈ្មោះ ហេងនិងឈ្មោះសោ ភ័ណ្ឌ ឲ្យមានទីតាំងដេប៉ូស្ដុកឈើដ៏ធំសម្បើមមួយកន្លែងស្ថិតនៅក្បែរព្រំដែនកម្ពុជា វៀតណាម

ដែលមិនសូវមានផ្ទះប្រជាពលរដ្ឋសោះ តែវានៅក្បែរៗច្រករបៀងច្រើនជាង បែរជាអ្នកជំនាញយើងមើលឃើញថាជាការល្អទៅវិញសម្រាប់ស្ដុកឈើ លក់ចែកចាយក្នុងស្រុក តែតាមពិតគឺជាការផ្ដល់ទីតាំងឲ្យឈ្មួញងាយស្រួលនាំឈើចេញតាមច្រករបៀងទៅលក់នៅវៀតណាមសោះ ។

យោងតាមច្បាប់អនុញ្ញាតដែលចេញដោយលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះ ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ដោយមានចុះហត្ថលេខាអមពី លោក នួន ពៅរតនា នាយរងទទួលបន្ទុករួម ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ និងយោងតាមសំណើរបស់នាយផ្នែករដ្ឋព្រៃឈើឆ្លូង បានអនុញ្ញាតអោយឈ្មោះទា កែវមុនី បង្កើតរោងសន្និធិ លក់ ចែកចាយផល អនុផលព្រៃឈើមានទីតាំងនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលទីតាំងនេះនៅក្បែរច្រករបៀងជាច្រើននៅតមបន់នោះ ។ ចំណែកឈ្មោះហេង និង សោភណ្ឌជាឈ្មួញឈើសហការជាមួយម្ចាស់ទីតាំនេះឃុបឃិតគ្នាដើម្បីងាយស្រួលនាំឈើចេញ ។

ទីតាំងស្តុកឈើដែលក្រុមអ្នកព័ត៌មានបានឃើញផ្ទាល់នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ទីតាំងនេះគឺស្ថិតនៅតាមបណ្ដោយផ្លូវដីគ្រួសក្រហម ចូលជ្រៅពីថ្នល់ជាតិដែលមានតែផ្ទះបងប្អូនជនជាតិភាគតិច មួយចំនួនតូចប៉ុណ្ណោះ និងចំការកៅស៊ូឯកជន ហើយក៏ជាផ្លូវឆ្ពោះចេញទៅតាមច្រករបៀងព្រំដែន D3-D4 ដែលផ្លូវនេះ សុទ្ធតែមានបារ៉ាស់ហាមចេញ ចូលជាសាធារណៈទៀតផង ដែលងាយអោយឈ្មួញលួចនាំឈើចេញបានយ៉ាងងាយស្រួលបំផុត ។

តាមមន្ត្រី និងអ្នករកស៊ីឈើបានអោយដឹងថា ទីតាំងស្តុកឈើរបស់ឈ្មួញដែលលោកទ្រី សុភក្ដិ អនុញ្ញាតច្បាប់នេះ វាគ្មានយុត្តិសាស្ត្រណា សំរាប់ស្តុកឈើលក់ និងចែកចាយនៅក្នុងស្រុកឡើយ គឺជាទីតាំងស្តុកឈើងាយស្រួល សំរាប់លួចនាំចេញតាមច្រករបៀងព្រំដែននានា យកទៅលក់នៅប្រទេសវៀតណាមឯណោះវិញទេ ព្រោះទីតាំងនេះនៅក្បែរច្រករបៀងព្រំដែន តែប៉ុន្មានគីឡូម៉ែត្រតែប៉ុណ្ណោះ។

តាមការអោយដឹងពីមន្ត្រីនៅខេត្តក្រចេះបញ្ជាក់ថា បច្ចុប្បន្ន មានឈ្មួញកណ្ដាលចំនួន២នាក់ ម្នាក់ឈ្មោះសោភ័ណ្ឌ និងម្នាក់ទៀតឈ្មោះហេង ដែលពួកគេមានខ្នងបង្អែកជាមន្ត្រីមានឥទ្ធិពលនៅភ្នំពេញ បានរត់ការដឹកឈើចេញពីក្រុមហ៊ុនដីសម្បទាន សេដ្ឋកិច្ចយ៉ានចាវ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយមានច្បាប់ដឹកជញ្ជូន(PC)ត្រឹមត្រូវដើម្បីយកទៅលក់អោយអ្នកប្រើប្រាស់ក្នុងស្រុក ដោយក្នុងច្បាប់អនុញ្ញាត អោយដឹក១រថយន្តភ្លៅ ៥ចំណុះ យ៉ាងច្រើនចាប់ពី១៥ ទៅ១៨ម៉ែត្រគូបប៉ុណ្ណោះក្នុងមួយឡាន តែពួកឈ្មួញ និងមន្ត្រីរដ្ឋបាលព្រៃឈើឃុបឃិតគ្នាអនុញ្ញាតអោយ ដឹករហូតដល់ជាង ៣០ទៅជាង៤០ម៉ែត្រគូបឯណោះ។

ក្នុងនោះ បើឈើអារប្រភេទលេខ២ ពួកគេសុំ PC ដឹកយកទៅភ្នំពេញ ខេត្តព្រៃវែង តាកែវនិងខេត្ត កណ្ដាលលក់អោយតាមដេប៉ូឈើនានា តែបើឈើលេខ១ឬឈើប្រណីត គេសុំ PC ដឹកយកមកស្តុកនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ឬនៅភូមិផ្សារក្ដុល ឃុំទន្លូង ស្រុកមេមត់ ដែលជាកន្លែងមានច្បាប់ស្តុក តែពេលយប់ គេលើកដាក់រថយន្តតួរីស លួចនាំចេញទៅប្រទេសវៀតណាម តាមច្រករបៀងយ៉ាងរំភើយតែម្ដង។
ហេតុ ដូច្នេះសូម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យមើលការអនុញ្ញាតច្បាប់របស់ លោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ខាងលើនេះផង ថាតើទីតាំងស្ដុកឈើដែលលោកអនុញ្ញាតនោះវាសមរម្យសម្រាប់ធ្វើការចែកចាយលក់ដូរក្រុងស្រុកទេ ? ។

ពាក់ព័ន្ធករណីនេះអង្គភាពគេហទំព័រដំណឹងពលរដ្ឋ people News Asia មិនអាចសុំការបកស្រាយបំភ្លឺពីលោកទ្រី សុភក្ដិនិង នួន ពៅរតនាបានទេដោយគ្មានមធ្យោយបាយទំនាក់ទំនង ៕

ប្រភពអត្ថបទ៖ PN

ចែករំលែក