ករណីពលរដ្ឋទៅប្តឹងអាជ្ញាធរឲ្យជួយ រឿងចោរគាស់ផ្ទះ តែអាជ្ញាធរថា ផុតម៉ោងធ្វើការ គឺជារឿងមិនពិត

2210

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ក្រោយពីចុះស្រាវជ្រាវមកដល់ទីតាំងកើតហេតុ នៅផ្ទះជនរងគ្រោះឈ្មោះ ពៅ ស៊ាត នៅភូមិ៥ ឃុំព្រែកខ្សាយ(ខ) ឃើញថា នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ពិតជាមានករណីចោរកម្ម (លួចម៉ូតូបាត់មួយគ្រឿង) ពិតមែន។ ហើយសមត្ថកិច្ចបានបំពេញសំណុំរឿងតាមនីតិវិធី ដោយកំណត់មុខសញ្ញាជនសង្ស័យបានហើយ។

លើសពីនេះទៅទៀត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចាត់ឲ្យកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះល្បាតតាមបណ្ដាក្រុង/ស្រុក ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ។

បើតាមស្នងការដ្ឋាន ការលើកឡើងរបស់ជនរងគ្រោះថា ក្រោយកើតហេតុបានប្ដឹងរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍ ហើយ ថា សមត្ថកិច្ចថា ផុតម៉ោងរដ្ឋបាល និងឲ្យប្ដឹងវិទ្យុ ABC នោះពុំពិតឡើយ ព្រោះក្រោយពេលកើតហេតុជាងកន្លះម៉ោង ជនរងគ្រោះបានទូរស័ព្ទមកលោកមេប៉ុស្ដិ៍ ហើយលោកមេប៉ុស្ដិ៍បានដឹកនាំកម្លាំងតាមភ្លាម។ ដោយឡែក ការចុះផ្សាយថា នៅខែនេះ មានករណីចោរលួចម៉ូតូអស់ចំនួន៣គ្រឿងនោះ គឺមិនពិតទេ គឺមានតែ១គ្រឿងទេ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង បានថ្លែងដោយព្រួយបារម្ភយ៉ាងខ្លាំងថា រយៈពេល ១ខែមកនេះ អ្នកភូមិត្រូវបានក្រុមចោរមុខដដែលៗ (មើលតាមការមេរ៉ាសុវត្ថិភាព) ចូលលួចគាស់ផ្ទះយកម៉ូតូអស់ ៣គ្រឿងទៅហើយ ធ្វើឱ្យពួកគាត់ម្នាក់ៗភ័យខ្លាច បិទភ្នែកដេកមិនលក់ទេ បើមួយយប់ៗចោរចូលផ្ទះបែបនេះ។

ចែករំលែក