មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច បានព្រមានដល់មន្ត្រីទូទាំងប្រទេស ដែលធ្វើការពាក់ព័ន្ធក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ គ្រួសារ ក្រីក្រ និងងាយរ ង គ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ មិនត្រូវប្រព្រឹត្តអ្វីដែលប្រាសចាក ឬ បំពានលើគោលការណ៍ នីតិវិធីណែនាំរបស់រាជរដ្ឋាភិបាលនោះទេ។
ការព្រមានបែបនេះ ធ្វើឡើងដោយឯកឧត្តម តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច ខណៈពេលចុះពិនិត្យទៅលើការបំពេញការងាររបស់មន្ត្រីប្រតិបត្តិនៃសាលាឃុំស្វាយជ្រុំស្រុកមេសាង ខេត្តព្រៃវែង នាថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០២០។
ការចុះពិនិត្យមើលចាក់ស្ដែងនេះ ក្រោយពេលមានការចោទប្រកាន់ថាមន្ត្រីសាលាឃុំ ស្វាយជ្រុំ នេះបានយកលុយកាក់ពីប្រជាពលរដ្ឋក្នុងពេលបំពេញការងារ ឯកឧត្តម តូច ចាន់នី បានបញ្ជាក់ថា មន្ត្រីទាំងអស់នៅទូទាំងប្រទេស ជាពិសេសមន្ត្រីឃុំសង្កាត់ ដែលជាអ្នកប្រតិបត្តិ ការងារនានាពាក់ព័ន្ធនឹងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរ ង គ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ គឺមិនត្រូវប្រព្រឹត្តខុស ឬ បំពានលើគោលការណ៍នីតិវិធីណែនាំរបស់រាជរដ្ឋាភិបាលជាដាច់ខាត។
ការប្រព្រឹត្តិខុសដែលដែលឧត្តមបញ្ជាក់នេះ មានដូចជាមិនត្រូវទទួលយកលុយកាក់ពីប្រជាពលរដ្ឋ ដែលទៅស្នើសុំធ្វើប័ណ្ណធម៌ជាដើម ទោះក្នុងរូបភាពណាក៏ដោយ ពុំនោះទេ មន្ត្រីរូបនោះ នឹងប្រឈមចំពោះផ្លូវច្បាប់ពុំមានការលើកលែងនោះទេ។
ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះក្នុងកំឡុងពេលជំងឺកូវីដ១៩នេះ ជាកម្មវិធីថ្មីដែលរាជរដ្ឋាភិបាលកម្ពុជា ទើបតែប្រកាសដាក់ឱ្យអនុវត្តក្នុង ខែមិថុនាឆ្នាំ ២០២០នេះ។ ការផ្ដល់ជូនថវិការនេះ គឺសម្រាប់គ្រួសារដែលមាន បណ្ណសមធម៌ ដែលសុពលភាពទូទាំងប្រទេសកម្ពុជា។
មន្ត្រីជំនាញក្រសួងសង្គមកិច្ចក៏ធ្លាប់បានបញ្ជាក់ដែរថា គ្រួសារក្រីក្រនិងងាយរ ង គ្រោះទាំងអស់ដែលមានប័ណ្ណសមធម៌មានសុពលភាព ត្រូវតែយកប័ណ្ណសមធម៌នោះទៅសាលាឃុំ សង្កាត់ដើម្បីផ្ទៀងផ្ទាត់ជាដាច់ខាត និងបន្ទាប់មកអាចកាន់ប័ណ្ណសមធម៌នោះដើម្បីទៅបើកថវិការនៅទីភ្នាក់ងារវីង។ ការផ្ទៀងផ្ទាត់ប័ណ្ណសមធម៌នេះ អាចធ្វើឡើងនៅគ្រប់សាលាឃុំ សង្កាត់ និងអាចទទួលបានថវិការនៅគ្រប់ភ្នាក់ងារវីង ចាប់ពីសប្ដាហ៍ទី ៤ខែមិថុនាឆ្នាំ២០២០នេះ។
សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះក្នុងកំឡុងពេលជំងឺកូវីដ១៩នេះ គឺបែងចែកផ្សេងគ្នាទៅតាមកម្រិតគ្រួសារ ដោយមានក្រីក្រកម្រិត ១និងក្រីក្រកម្រិត ២ ហើយក៏មានការបែងចែកជា៣ទីតាំងផងដែរ រួមមាន ទីប្រជុំជនក្នុងរាជធានីភ្នំពេញ ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ និងនៅជនបទ៕