តំណាងរាស្ត្របក្សប្រឆាំងខ្លះ កំពុងពិចារណាសុំចុះចូលបក្ស​កាន់អំណាច ឲ្យបាន​មុនបក្ស​ខ្លួនរលាយ

11518

ការវិវត្តន៍​នៃស្ថានការណ៍​​នយោបាយ​​របស់គណ​បក្ស​ប្រឆាំង ដែល​កំពុង​​ក្ដៅគ​គុក​​ដូច​​​បាយពុះ​ បាន​រុញ​ឲ្យ​​តំណាង​​រាស្រ្ត​របស់គណ​​បក្ស​សង្គ្រោះជាតិ នៅក្នុងស្រុកមួយ​ចំនួនដើរទៅ​កាន់ផ្លូវទាល់ ប៉ន្តែមាន​ច្រកតូច​មួយ​ ដែលពួក​គេ​កំពុង​​តែ​ពិចារណា រឿង​​សុំចុះចូល​​ជាមួយ​​គណ​បក្ស​កាន់​អំណាច។ បន្ទាប់​ពីរដ្ឋសភា​​បាន​សម្រេច​​អនុម័ត​ទៅ​លើ​វិសោ​ធនកម្ម​ច្បាប់​​៤ចំនុចធំៗ​ ដែល​ជាដាវ​​អាជ្ញា​សឹក​កាត់​ផ្តាច់​​ផ្លូវ​ ​ឲ្យគណបក្ស​​សង្គ្រោះជាតិ​​​រលាយ​​មិនអាច​​​ស្រោចស្រង់​​​បានទៀត​​នោះទេ។

អ្នកតំណាង​រាស្រ្ត​​របស់​គណបក្ស​​សង្គ្រោះជាតិ ​ក្នុងចំណោម​៥៥នាក់ ភាគច្រើន កំពុងធ្លាក់​ក្នុង​​សភាព​​​ខ្វាយ​​ខ្វល់​​​អំពីការ​បាត់បង់​តំណែង តួនាទី និងប្រាក់បៀវត្សន៍ ដែល​ខ្លួនធ្លាប់​ទទួលបានពីរដ្ឋសភា។ ការ​ពិចារណា​​​សុំចុះ​​ចូល​គណ​បក្ស​កាន់​រដ្ឋាភិបាល​ក៏ជា​ជម្រើស​មួយ សម្រាប់​​ដោះដូរ​តំណែង​ និង​តួនាទី​​របស់ខ្លួនដែ​រ​។ ការអនុម័ត​នៃច្បាប់​នេះ ធ្វើ​ឡើងព្រឹក​ថ្ងៃ​ចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧កន្លងទៅ​ ក្នុងកិច្ច​ប្រជុំសភា​​ពេញអង្គ។

តាមប្រភព​ព័ត៌មាន​មួយ​លេចលឺ​ចេញ​​ពីមន្ត្រីជាន់ខ្ពស់​របស់​​គណបក្ស​ប្រឆាំង ​ដែល​កំពុង​​​ស្ថិត​នៅក្នុង​ស្រុក បាន​​​​​​ឲ្យដឹង​ថា​តំណាងរាស្រ្ត​បក្សសង្គ្រោះជាតិ​មួយចំនួន​ កំពុង​​មាន​​ភាពច្របូក​ច្របល់​ ដោយក្ដីបារម្ភ​ថា​ បើចុះ​ចូល​​មុន​ពេលបក្ស​ខ្លួន​​ត្រូវរំលាយ​ អាចនឹង​​រក្សាតំណែង​បានខ្ពស់ និងមានតម្លៃ​ក្នុង​ការចរចារ​ជាមួយ​បក្ស​កាន់អំណាច ពោលគឺគណបក្សប្រជាជនកម្ពុជា ក៏ប៉ុន្តែ បើរង់​ចាំ​​ដល់​បក្ស​សង្គ្រោះជាតិ​​ត្រូវបាន​​រំលាយ​ហើយ នោះ​នឹង​ពិបាក​ក្នុងការ​ចរចារ​​រកតំណែង​​តួនាទីល្អ ក្នុងជួររដ្ឋាភិបាល​ជាមិនខាន។

កិច្ចប្រជុំរដ្ឋ​សភា​​ត្រូវបាន​បិទ​បញ្ចប់​ ដោយនាំ​យក​ការ​ភ័យ​ខ្លាច​​មក​ដាក់​​ឲ្យ​បក្ស​​ប្រឆាំង ដែល​មាន​​ស្លាក​​សញ្ញារូ​បព្រះអាទិត្យកំពុងរះ នឹង​​មាន​​ប្រធាន​​បក្ស​ កំពុង​ជាប់ឃុំ​ខ្លួន​​ក្នុងពន្ធនា​គារ​​នោះ ពេល​នេះ​​សមាជិក​​ក្រុម​​អ្នក​​តំណាងរាស្រ្ត ដែល​ជា​អ្នក​​នយោបាយ​ជាន់ខ្ពស់​​ក្នុង​​បក្ស​ កំពុងតែគ្មាន​ទីអាង និង​ភ័យ​ព្រួយ​យ៉ាងខ្លាំង​​ លើបញ្ហា​​ចំពោះ​មុខនេះ ថាតើគួរ​ចុះ​ចូល​​ជាមួយ​​គណបក្ស​​ប្រជាជន​កម្ពុជា​​នៅពេល​ណា? នឹង​ដោយ​​វិធីណា​​ទើប​ស​មគួរ​។

រដ្ឋាភិបាល ដែល​ខ្លួន​​ធ្លាប់តែ​រិះគន់​យ៉ាង​​ចាស់​ដៃ​ថា ពុករលួយ​បក្ស​ពួកនិយម ស៊ីសំណូក​​សូក​​ប៉ាន់ និង​ជា​ពិសេស​តំណាង​រាស្ត្របក្ស​ប្រឆាំង​ទាំងនេះ ធ្លាប់​ចោទ​​ថា​ជា​រដ្ឋាភិបាល​​ផ្ដាច់​ការ​នោះ ស្រាប់​​តែថ្មីៗនេះ បានលេច​ចេញព័ត៌​មាន​ ​ក្រុម​តំណាង​​រាស្រ្តទាំង​​នោះ ចង់សុំចរចារដើម្បី​ចុះចូល​ជាមួយ​ទៅ​​វិញ ​តើ​នឹង​​ត្រូវរង​​ការ​​វាយ​ប្រហារ​​ពីមហា​ជនយ៉ាង​ណា ​លើស​ពីនេះ​​ទៅទៀត​នោះ គឺការបកស្រាយដូចម្តេចចំពោះ អ្នកគាំទ្រជាង​​​៣​លាន​​នាក់​​? ចង់បាន​​អំណាច​ពីបក្ស​ប្រជាជន​ផង និងខ្លាចរងការ​​រិះគន់ផង ទាំងនេះ​​គឺជា​ហេតុផល​​ធ្វើឲ្យ​តំណាង​រាស្រ្ត​បក្ស​​ប្រឆាំង​មួយនេះ កំពុង​តែ​ស្ទាក់​ស្ទើ​ និងខ្វែងគំនិតគ្នាយ៉ាង​​ក្រហមមុខ។

ទោះជាយ៉ាង​ណា​ក៏​ដោយ​ ក្រុម​​តំណាងរាស្រ្ត​គ​ណបក្ស​​សង្គ្រោះជាតិ បើសិនជា​ការ​សុំ​ចុះ​ចូល​​ នៅមុន​​ពេល​គណបក្ស​ខ្លួន​​ត្រូវរំលាយ ផល​ប្រយោជន៍​​ដែល​​នឹងទទួល​បាន​ ឬមុខ​តំណែង​​ដែល​បក្ស​​កាន់​អំណាច​​អាចប្រគល់​ឲ្យ​នោះ វាច្បាស់ណាស់ថា នឹងអាច​ទទួលផល​ប្រយោជន៍ លាភ​សក្ការៈ​​ច្រើនជាង ក្រោយ​​គណបក្ស​​សង្គ្រោះជាតិ​​ត្រូវរលាយ​​ហើយ។

បើយោង​ទៅ​លើ​ទំនោរ​​ក្រោយ​​ពីកិច្ចប្រជុំអចិន្ត្រៃយ៍​របស់គណបក្ស​សង្គ្រោះជាតិថ្មីៗ​រួចមក អ្នក​វិភាគ​​ន​យោបាយ​បានស​ង្គេ​ត​ឃើញថា គណបក្ស​​ប្រឆាំង​​មួយនេះ កំពុងចុះទន់ខ្សោយ​​ជាខ្លាំង មិន​​​ឃើញ​​មាន​​​គោល​ជំហរ​ណា​មួយ​ ដែល​​គណបក្ស​​សង្គ្រោះជាតិ​​​ទាំងមូល​​មាន​​​នោះ​ទេ ក្រៅតែ​​ពីកា​របណ្ដោយ​​ឲ្យស្ថានការណ៍​​រំលាយ​គណបក្ស​ខ្លួន ទៅ​តាម​​ដំណើរ។ ដែល​វាប្រៀប​បានថា គណ​បក្ស​សង្គ្រោះជាតិ​​ ដូច​​ជាទូក​​ដែល​​ជិត​លិចលុងតាមបណ្តោយ​ខ្សែរ​ទឹកហូរ​ទៅហើយ ដូច្នេះ​ពុំ​មាន​ស្មារតីណា​​មួយ​ ដែល​នឹង​ក្លាយ​​ជាកម្លាំង​​សម្រាប់​​យិតយោង​ ឲ្យតំណាង​រាស្រ្ត​​ក្នុងគណ​បក្ស​នេះ​ មានក្តីសង្ឃឹម​អាច​ងាក​​មក​គិត​​រក​ដំណោះ​ស្រាយ​​អ្វីទៀត​​ឡើយ​ ក្រៅពីការ​​ពិចារណា​​រកមធ្យោបាយ​រៀងៗ​ខ្លួន ក្នុងការចរចារ​​សុំ​ចុះ​​ចូលគណបក្ស​កាន់រដ្ឋាភិបាល ដែល​​ជាជម្រើស​​ចុងក្រោយ មុន​ពេល​គណបក្ស​សង្គ្រោះជាតិ​លិចបាត់ទៅ៕