ធម៌ គឺជាធម្មជាតិ ធម្មជាតិ គឺអ្វីៗគ្រប់យ៉ាងដែលកើតមានឡើងនៅក្នុងលោក សព្វេ ធម្មា សង្ខារា

1646

តើអ្វីទៅជាព្រះធម៌?

បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរជាង៩០% ជាពុទ្ធសាសនិក។ គេច្រើនយល់ថាព្រះពុទ្ធសាសនាមានតម្លៃណាស់មិនត្រូវយកលាយឡំជាមួយនឹងសង្គមមនុស្សទេ។ បើមើលតាមការបែងចែកនេះយើងអាច​សន្និដ្ឋានបានថាប្រជាពលរដ្ឋខ្មែរមិនទាន់ស្គាល់ច្បាស់ថាអ្វីទៅជាព្រះធម៌ អី្វទៅជា​សង្គមមនុស្សយើងរស់នៅនៅឡើយទេ។

ក្នុងចិត្តគំនិតមនុស្សខ្មែរទូទៅពាក្យថាធម៌មិនគឺអ្វីដទៃក្រៅពីវត្ថុសក្តិសិទ្ធិក្រៅខ្លួន ឬជារបស់ពិសិដ្ឋក្នុងសាសនាសម្រាប់ធ្វើការសូធ្យអង្វរកសុំសេចក្តីសុខ និង​ជារបស់ម្យ៉ាងទុកគ្រាន់ធ្វើជាគ្រឿងសក្ការៈបូជា​លើកតម្កើងដោយរំពឹងថាធម៌អាចធ្វើឲ្យខ្លួន​បានបុណ្យសម្រាប់ជាតិមុខជាតិក្រោយ។ ពួកគាត់មិនស្គាល់ថាធម៌ជាអ្វីឲ្យ​ពិតប្រាកដទេតែគេជឿលើធម៌ខ្លាំងណាស់​។ នៅគ្រប់ពិធីបុណ្យទានបែបសាសនាពេលណាឮព្រះសង្ឃសូធ្យ គេនាំគ្នាលើកដែសំពះសម្តែងនូវការគោរពភ្លាមតែម្តង។

គេយល់ថាធម៌មិនពាក់ព័ន្ធនឹងជីវិតរបស់មនុស្សសាមញ្ញឡើយ តែធម៌គឺជារបស់ដែលទុកសម្រាប់គោរពក្រាបថ្វាយបង្គំសុំបុណ្យ ហើយត្រូវឋិតនៅក្នុងគម្ពីរ ក្នុងវត្ត​អារាម ទីណាមួយខ្ពស់ឆ្ងាយដាច់ដោយ​ឡែកពីរឿងលោកិយ មិនត្រូវយកមកប្រ​ឡាក់ប្រឡូកក្នុងរឿងជីវិតប្រចាំថ្ងៃទេ។ នៅពេលដែលមានទុក្ខ មានបញ្ហាត្រូវដោះស្រាយ ពួកគាត់មិនដែលយកមេរៀនធម៌ មកដោះស្រាយឡើយ តែផ្ទុយទៅវិញបែរជាអង្គុយរអ៊ូតែអំពីបញ្ហាដែលកើតមានឡើង ហើយទៅធ្វើពិធីអង្វរកតាមបែបសាសនា។ ការធ្វើដូច្នេះយូរៗក៏ក្លាយជាទម្លាប់ ជាប្រពៃណីសាសនា ហើយដោយមានចិត្តស្រលាញ់ងប់ងុលនឹងទំនៀមបែបសាសនានេះគេក៏ខំអភិរក្សការពារ ហើយ​ហួងហែងមិនព្រមយកទៅប្រើឲ្យបានជាប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃ។

អ្វីទៅជាធម៌?

ធម៌ គឺធម្មជាតិ គឺអ្វីៗគ្រប់យ៉ាងដែលអាចកើតមានឡើងក្នុងលោក រាប់បញ្ចូលទាំងជីវិតមនុស្សសត្វផងដែរ (សព្វេ ធម្មា សង្ខារា)។ លក្ខណៈមួយនៃធម៌ គឺទុក្ខ។ ការកើតបានជាជីវិតនេះមិនត្រឹមតែដោយ សារធម៌ទេ តែលក្ខណៈនៃការកើតជាជីវិតនេះតែម្តង គឺជាធម៌។ លក្ខណៈនៃជីវិតគឺការមានបញ្ហាត្រូវដោះស្រាយ។ មូលហេតុដែលព្រះពុទ្ធស្វែងរកធម៌ត្រាស់ដឹងធម៌ ហើយបង្រៀនមេរៀនធម៌ដែលមនុស្សលោកគឺមកពីមានទុក្ខ ឬបញ្ហាជីវិតផ្ទាល់ដែលកំពុងកើតមានជាក់ស្តែង ចំពោះ​មនុស្សគ្រប់គ្នានេះឯង។

ព្រះពុទ្ធ មិនបានបង្កើតសាសនា ​
ប្រពៃណី ឬក៏ពិធីកម្មជំនឿងប់ងុលតាមបែបសាសនាសម្រាប់ខ្មែរ ឬជាតិសាសន៍ណាមួយនោះ ទេ តែធម៌ដែលព្រះពុទ្ធត្រាស់ដឹងគឺជាដំណើរធម្មជាតិដែលបង្កើតបានជាជីវិតនេះរួមទាំងបញ្ហាដែលជាប់មកជាមួយជីវិតនេះ។ ពាក្យថាស្វែងរកធម៌មិនមែនមានន័យថាជាការស្វែងរកផ្លូវគេចវេសចេញពីសង្គមមនុស្សទៅតាំងខ្លួននៅទីខ្ពស់ដាច់ពីសង្គមមនុស្សនោះទេ។ ផ្ទុយទៅវិញ ពាក្យថាស្វែងរកធម៌ គឺការស្វែងរកវិធី ឬរបៀបសម្រាប់ដោះស្រាយបញ្ហាជីវិតជាក់ស្តែងនេះ គឺជាសិល្បៈនៃការរស់ ហើយនោះហើយគឺមេរៀនធម៌ ឬព្រះធម៌ ។

មេរៀនធម៌ ឬព្រះធម៌

មេរៀនធម៌ ឬព្រះធម៌ដែលព្រះពុទ្ធត្រាស់ដឹង ហើយបានយកមកបង្រៀនយើងនេះ គឺសម្រាប់ទុកឲ្យអ្នកបដិបត្តិយកមកអនុវត្តដើម្បីទទួលបាននូវផលប្រយោជន៍ក្នុងពេលនេះ ក្នុងជាតិនេះតែម្តង។ ដើម្បីឲ្យកាន់តែងាយយល់យើងអាចហៅព្រះធម៌ថា គឺជាមេរៀនដែលសិក្សាអំពីធម៌។ តែមានអ្នកយល់ខុសក្នុងមេរៀនធម៌មួយចំនួនបដិបត្តិធម៌ក្នុងន័យគ្រាន់តែជាអបិយ​ជំនឿសម្រាប់រំដោះគ្រោះ ឬអង្វរកបួងសួងសុំសុខបែបជាពិធីកម្មសាសនាប្រពៃណីទំនៀមទម្លាប់ទៅវិញ។

ពួកគេរៀនមេរៀនធម៌ត្រឹមតែជាលក្ខណៈទ្រឹស្តីសូធ្យចាំមាត់ តែបើមើលទៅលើការអនុវត្តវិញ នៅតែមិនទទួលបានផលប្រយោជន៌អ្វី សម្រាប់ជីវិត និងសម្រាប់សង្គមសោះ។​ ផ្ទុយទៅវិញបែរជារឹតតែបង្កឲ្យសង្គមខ្មែរយើងនេះមានភាពស្ពឹកស្រពន់ប្រជាពលរដ្ឋលែងចេះគិតពិចារណាបែបហេតុផលយូរៗទៅកាន់តែក្រទៅៗ និងរឹតតែនាំឲ្យមនុស្សក្នុងសង្គមមានភាពអាត្មានិយមកាន់តែច្រើនឡើងៗ។

គោលបំណងនៃការស្វែងរកការត្រាស់ដឹងរបស់ព្រះពុទ្ធ គឺការយកមេរៀនដែលសិក្សាអំពីធម៌មកដោះស្រាយបញ្ហាជីវិតជាក់ស្តែងជូនមនុស្សជាតិ ហើយបើសិនមេរៀនដែលត្រាស់ដឹងនោះមិនអាចយកមកប្រើដើម្បីដោះស្រាយបញ្ហាដែលកំពុងតែកើតឡើងក្នុងជីវិតប្រចាំថ្ងៃនេះបានទេតើយើងរៀនធម៌នោះដើម្បីអ្វី? គោរពនោះដើម្បីអ្វី? ហើយតើព្រះធម៌នោះមានតម្លៃអ្វី? ព្រះធម៌គឺជាមេរៀនជីវិតដែលអាចយកមកបដិបត្តិដើម្បីបញ្ចប់នូវសេចក្តីទុក្ខសព្វបែបយ៉ាង។

មេរៀនដំបូងដែលព្រះពុទ្ធបានបង្រៀនគឺរបៀបនៃការដោះស្រាយបញ្ហា ៤ យ៉ាង (អរិយសច្ចធម៌៤) រួមមានទី១ ទុក្ខ (បញ្ហា) ទី២ ទុក្ខសមុទយ (ហេតុដែលនាំឲ្យមានបញ្ហា) ទី៣ ទុក្ខនិរោធ (ទស្សនវិស័យក្នុងការដោះស្រាយបញ្ហា) និងទី៤ ទុក្ខនិរោធគាមិនីបដិបទា (ចំណុចចាប់ផ្តើមនៃការដោះស្រាយបញ្ហា និងផ្លូវដែលនាំទៅដល់ការបញ្ចប់បញ្ហា)។ បញ្ហាអ្វីក៏ដោយក្នុងជីវិត សុទ្ធតែអាចយករបៀបនៃការដោះស្រាយបញ្ហាទាំង៤យ៉ាងនេះ ធ្វើជាគោលការណ៍ក្នងការដោះស្រាយបានទាំងអស់។ ប្រជាពលរដ្ឋខ្មែរកំពុងតែលិចលង់លក់នៅក្នុងពិធីសាសនា។ ការដែលមិនស្គាល់ធម៌មិនយល់ធម៌នេះហើយដែលនាំឲ្យមានការបដិបត្តិធម៌ខុស។

ពាក្យថាបដិបត្តិខុស គឺសំដៅដល់ការប្រព្រឹត្តទាំងឡាយណាដែលមិននាំទៅរកការរីកចម្រើនជាទូទៅ។ ពេលដែលធម៌ទី១ គឺទុក្ខ ឬបញ្ហាកើតឡើងគេក៏ឆ្លេឆ្លាអន្ទះអន្ទែងហើយចេះតែអង្គុយរអ៊ូរទាំពីបញ្ហានោះ មិននាំគ្នាលើកយករបៀបដោះស្រាយបញ្ហាសោះ។

ទុក្ខ គឺជារបស់សកលកើតមានជាទូទៅលើមនុស្សគ្រប់ៗគ្នា មិនមែនមានតែក្នុងពុទ្ធសាសនា ឬសាសនាដទៃណានោះទេ។ ទុក្ខ ឬបញ្ហាគឺកើតមានឡើងចំពោះមនុស្សគ្រប់គ្នាដោយរាប់ទាំងរឿនសង្គមទូទៅទោះបីជាអ្នកមិនចូលចិត្ត ឬចូលចិត្តផងដែរ។ ចំណែកឯ វិធីរំលត់ទុក្ខ (ទុក្ខនិរោធគាមិនីបដិបទា) ឬរបៀបដោះស្រាយបញ្ហាក៏ត្រូវតែជារបស់សកលដោយមិនមានបែងចែកព្រំដែននិកាយ សាសនា ប្រជាពលរដ្ឋ ឬមន្ត្រីរាជការអ្នកដឹកនាំប្រទេសដែរ។ ជំងឺ គឺជាជំងឺសកលថ្នាំព្យាបាលជំងឺក៏ត្រូវតែសកលដែរ។

ព្រះពុទ្ធ មិនបានបង្រៀនមេរៀនជីវិត ឬរបៀបដោះស្រាយបញ្ហា ទុកសម្រាប់តែអ្នកសាសនាណាមួយ ឬក៏ទុកសម្រាប់តែពួកអ្នកបួសប៉ុណ្ណោះទេ តែក៏សម្រាប់មនុស្សទូទៅដើម្បីយកទៅដោះស្រាយបញ្ហាគ្រួសារ សង្គម និងប្រទេសជាតិទាំងមូលផងដែរ។ ដូច្នេះការដែលលើកឡើងថាព្រះធម៌ជាពុទ្ធសាសនានោះមិត្រឹមត្រូវទេ ហើយការដែលអ្នកសាសនាលើកឡើងថាមិនត្រូវយកព្រះធម៌ទៅលាយឡំជាមួយនឹងរឿងសង្គម ក៏រឹតតែមិនត្រឹមត្រូវទៅទៀត។ ក្នុងន័យត្រឹមត្រូវមិនមែនយើងយកព្រះធម៌មកលាយឡំជាមួយនឹងរឿងសង្គមឡើយតែគឺយើងយកព្រះធម៌មកដោះស្រាយបញ្ហាក្នុងសង្គមនេះតែម្តង។

ទុក្ខ ឬបញ្ហា គឺជាអរិយសច្ចៈទី១​ គឺជាធម៌ដែលត្រូវកំណត់ដឹង។ បញ្ហាសង្គមក៏ជាធម៌ ពោលគឺ​
ជាធម៌ដែលយើងត្រូវយល់ដឹង និងដោះស្រាយដោយគោលធម៌ផងដែរ។ មេរៀនធម៌មានភាពសាមញ្ញ ជាក់ស្តែងនិយមមានលក្ខណៈសកល ជាពិសេសមិនមែនជារឿងសាសនា តែអាចអនុវត្តបាន។ ព្រះធម៌និងគ្មានតម្លៃទេប្រសិនបើព្រះធម៌មិនអាចយកមកអនុវត្តដើម្បីដោះស្រាយបញ្ហាជាក់ស្តែងបាន។ ព្រះធម៌មានតម្លៃលុះត្រាតែព្រះធម៌ផ្តល់ផលប្រយោជន៍ដល់យើង ហើយដើម្បីបានទទួលផលប្រយោជន៍បាន​​​ លុះត្រាតែយើងបដិបត្តិជាក់ស្តែង។ ឯលក្ខណៈសាមញ្ញនោះ គឺវាពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់មនុស្សទូទៅតែម្តង។

ព្រះពុទ្ធបង្រៀនតែរបស់ពីរយ៉ាងប៉ុណ្ណោះ គឺទុក្ខ និងវិធីនៃការរំលត់ទុក្ខនោះ (បញ្ហា និងរបៀបនៃការដោះស្រាយបញ្ហា)។​ សង្គមក៏ត្រូវការធម៌ក្នុងការដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់មនុស្សទូទៅផងដែរ។ ឯព្រះធម៌ជាមេរៀនដែលសិក្សាឲ្យស្គាល់អំពីធម៌ដើម្បីឲ្យអាចរស់នៅស្របនឹងលក្ខណៈរបស់ធម៌ដែលនាំទៅរកការរីកចម្រើនទាំងអស់គ្នា។
បញ្ហាដែលមនុស្សទូទៅនៅតែមិនអាចទទួលយកព្រះធម៌មកធ្វើជាមាគ៌ាក្នុងការដោះស្រាយបញ្ហាសង្គមបាននោះ គឺព្រោះតែទី១ ពួកគាត់យល់ច្រឡំថាព្រះធម៌ គឺជាសាសនាមួយដែលបរិសុទ្ធ ស្អាតស្អំ ផុតពីរឿងលោកិយទុកដើម្បីថ្វាយបង្គំបួងសួងសុំទៅឋានសួគ៌ និងទី២ គាត់យល់ថារឿងសង្គមគឺជារឿងមិនស្អាតស្អំ ដូច្នេះមិនត្រូវយករឿងសង្គមទៅប្រឡាក់ជាមួយនឹងសាសនាដ៏ស្អាតស្អំរបស់ពួកគាត់ទេ។

ការបដិបត្តិធម៌

ការមិនស្គាល់ពីតម្លៃនៃព្រះធម៌ និងការមិនស្គាល់ពីសារៈសំខាន់នៃការងារសង្គម គឺជាហេតុដែលធ្វើឲ្យជីវិតរស់នៅពោរពេញដោយទុក្ខ សង្គមពោរពេញដោយបញ្ហាមិនចេះចប់។ ការពិតការបដិបត្តិព្រះធម៌ត្រឹមត្រូវនាំឲ្យចិត្តមនុស្សមានលំនឹង និងមានសេចក្តីសុខស្ងប់ល្អណាស់ ហើយការចូលរួមធ្វើសកម្មភាពរបស់មនុស្សទូទៅក្នុងសង្គម ប្រកបដោយការយល់ដឹងនឹងនាំឲ្យសង្គមមានលោកសម្ភារៈសម្បូរសប្បាយ និងរីកចម្រើនរុងរឿង។ ព្រះធម៌ គឺជាសិល្បៈនៃការរស់ និងបង្រៀនអំពីរបៀនរស់នៅបង្រៀនមនុស្សឲ្យចេះរស់នៅដោយស្គាល់ប្រមាណមិនអន្ទះអន្ទែង ហើយក៏មិនស្ពឹកស្រពន់ក្នុងដំណើរជីវិត។

តើការបដិបត្តិធម៌ត្រឹមត្រូវនោះដូចម្តេចទៅ? ដំបូងយើងត្រូវស្គាល់ ថាតើធម៌ជាអ្វីសិន។ តើវាជារឿងស្រមើស្រមៃអរូបិយ រឿងជាតិមុន ជាតិក្រោយ រឿងសួគ៌នរក រឿងពិធីកម្មសាសនា រឿងប្រពៃណី ដែលសម្រាប់តែមនុស្សចាស់ៗសូធ្យអង្វរកបួងសួង ឬក៏ធម៌ជាធម្មជាតិពោលគឺជាអ្វីៗគ្រប់យ៉ាងដែលកើតឡើងក្នុងលោក ក្រោមច្បាប់ធម្មជាតិ គឺ អនិច្ចំ (ការប្រែប្រួល) ទុក្ខំ (ភាពមិនអមតៈ) និងអនត្តា (ភាពមិនឯករាជ្យនៃធម្មជាតិ) ដែលរាប់ទាំងរឿងសង្គមផងដែរ ឬក៏យ៉ាងណា? កាលណាបើយើងបានយល់ច្បាស់ថា ធម៌គឺដំណើរធម្មជាតិដូច្នេះហើយយើងនឹងចេះបដិបត្តិស្របជាមួយនឹងដំណើរធម្មជាតិ ដែលនាំទៅរកការរីកចម្រើនទាំងអស់គ្នា។

ការបដិបត្តិធម៌ដែលត្រឹមត្រូវ គឺការបដិបត្តិដែលមិនចង្អៀតចង្អល់ មិនមានការបែងចែកជានិកាយ ជំនឿសាសនា មិនសម្រាប់តែអ្នកបួស ឬក្រុមពួក ប្រភេទមនុស្ស ឬជាតិសាសន៍ណាមួយនោះទេ ។ ការបដិបត្តិធម៌គឺការរំដោះទុក្ខ ជាការដោះស្រាយបញ្ហា។ ទុក្ខមាននៅគ្រប់ជីវិត ហើយគ្រប់ជីវិតសុទ្ធតែពាក់ព័ន្ធនឹងរឿងសង្គម។ សង្គម គឺជាបញ្ហាដែលយើងទាំងអស់គ្នាត្រូវដោះស្រាយ។ ការដោះស្រាយបញ្ហាសង្គម គឺការដោះស្រាយបញ្ហាជីវិត។ ដូច្នេះ ការដោះស្រាយបញ្ហាសង្គម គឺជាការបដិបត្តិធម៌។ បើកាលណាមនុស្សម្នាក់ៗមានសេចក្តីស្ងប់ នាំឲ្យ​សង្គមនោះមានសេចក្តីស្ងប់ដែរ។ តែសង្គមនោះនឹងមិនអាចមានសេចក្តីស្ងប់បានឡើយ ប្រសិនបើ មានតែការសូធ្យធម៌ ហើយរឿងសង្គមនៅមិនទាន់បានដោះស្រាយរួចរាលទេនោះ។

រឿងធម៌មានការជាប់ព័ន្ធដល់ស្ថានភាពផ្លូវចិត្តរបស់យើង ឯរឿងសង្គមជារឿងពាក់ព័ន្ធនឹងស្ថានភាពជីវភាពរបស់យើង។ តម្រូវការប្រចាំថ្ងៃ រឿងកូនរៀនសូត្រ ទំនិញឡើងថ្លៃ អត់ការ​ងារធ្វើ គ្មានទីផ្សារលក់ផលិតផល សុខភាព សន្តិសុខសង្គម ភាពក្រីក្រ សិទ្ធ សេរីភាព គម្លាតរវាងអ្នកមាន និងអ្នកក្រ។ល។ ភាពលំបាកលំបិនក្នុងការរស់នៅគ្រប់បែបយ៉ាងទាំងនោះ សុទ្ធ​តែ​មានពាក់ព័ន្ធនឹងរឿងបដិបត្តិធម៌ និងរឿងសង្គមទាំងអស់។
ដូច្នេះ កាបដិបត្តិព្រះធម៌មានសារៈសំខាន់ខ្លាំងណាស់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង ប្រសិនបើជីវិតយើងគ្មានធម៌ ជីវិតយើងក៏គ្មានសេចក្តីសុខដែរ។

ដកស្រង់ និងវាយអត្ថបទដោយសមណៈនិស្សិត វ៉ាន់ កនិដ្ឋ
កែរអក្ខរាដោយសមណៈនិស្សិត កង ថាវ

ចែករំលែក