អភិបាលខេត្តបាត់ដំបង ឲ្យក្រុមហ៊ុនសាងសង់ទាំងអស់ ធ្វើឲ្យត្រូវបច្ចេកទេស ដើម្បីប្រើប្រាស់បានយូរ

416

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន២ខ្សែ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ស្ថិតក្នុងសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ឯកឧត្តម ងួន រតនះ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងថាក្រុមហ៊ុនទទួលម៉ៅការសាងសង់ត្រូវធានាអោយបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់យូរអង្វែងហើយត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវអោយបានហ្មត់ចត់បំផុត។

បន្ថែមពីនេះឯកឧត្តម អភិបាលខេត្ត ក៏បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់ផ្លូវទាំងពីរខ្សែខាងលើនេះ គឺអនុវត្តតាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសម្រាល និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងតែជួបការលំបាក និងរួមចំណែកកែលម្អសោភណ្ឌភាពក្នុងក្រុងយើងផងដែរ។

ហើយក្រោយពេលស្ថាបនារួចសមិទ្ធផលថ្មីនេះនឹងបំរើអោយវិស័យគមនាគមដឹកជញ្ជូនដ៏មានសារៈសំខាន់ ដើម្បីរួមចំណែកយ៉ាងធំធេងក្នុងការធ្វើចរាចរណ៍ទៅមកបង្កលក្ខណៈងាយស្រួលកាន់តែប្រសើរឡើង។

ព្រមជាមួយគ្នានេះ ឯកឧត្តម ក៏បានឯកភាព និងវាយតម្លៃខ្លស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលក្រុងសម្រេចបាន ដែលកើតចេញពីការរួបរួមសាមគ្គីគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រុង-សង្កាត់ទាំង១០ពិសេសការចូលរួម និងសហការបានល្អរបស់ក្រុមការងារនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។

ចែករំលែក